(ភ្នំពេញ)៖ ធនាគារធំពីរនៅកម្ពុជា គឺធនាគារអេស៊ីលីដា (ACLEDA) និងធនាគារអេប៊ីអេ (ABA) បានបង្ហាញពីសក្តានុពលដ៏ធំធេងខ្លួន ដើម្បីទទួលបានប្រាក់ចំណេញទោះបីមានបញ្ហារីករាលដាលជំងឺកូវីដ១៨ ក៏ដោយ។
តាមរបាយការណ៍ដែលបានផ្សព្វផ្សាយទៅផ្សារមូលបត្រកម្ពុជា (CSX) ឃើញថា ធនាគារអេស៊ីលីដាមានប្រាក់ចំណេញក្រោយពន្ធ ៩៨លានដុល្លារ ក្នុងរយៈពេល៩ ខែឆ្នាំ២០២០។ តួលេខនេះ កើនឡើង ១៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រីឯធនាគារ ABA ទទួលបានប្រាក់ចំណេញក្រោយពន្ធ ១០៣លានដុល្លារ ក្នុងរយៈពេល៩ ខែឆ្នាំ២០២០។ តួលេខនេះ កើនឡើង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ធនាគារទាំងពីរអាចបង្កើនចំណែកទីផ្សាររបស់ខ្លួនដោយធនាគារ ABA បង្កើនប្រាក់កម្ចី ១៥ភាគរយដល់ ៧៧ ៧៩២ និងអេស៊ីលីដាកើន ៣,៦ភាគរយដល់ ៥៥១ ០៥៥ គណនីប្រាក់កម្ចី។ ប្រាក់ចំណេញដែលបានកើនឡើងនេះ ភាគច្រើនទទួលបានពីកំណើនប្រាក់កម្ចី។
គួរជម្រាបជូនថា ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា (សហគ្រាសឯកជន) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ មានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ ឆ្លងកាត់ការអភិវឌ្ឍ និងកំណើនជាង ២០ឆ្នាំកន្លងមកនេះ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំងបី នៅក្នុងប្រទេស។
ដោយឡែក ធនាគារអេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ដែលពេលនោះជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូចប៉ុណ្ណោះ។ បច្ចុប្បន្ន អេស៊ីលីដា ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ទូទាំងព្រះរាជាណាចក្រកម្ពុជា៕




