(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់អតិថិជនទាំងឡាយណា ដែលបានចូលទៅទិញសម្លៀកបំពាក់ នៅហាង Zando សាខាបឹងកេងកង នៅអំឡុងពេលចាប់ពីម៉ោង ១៩:៣០នាទីយប់ ដល់ពេលបិទហាង នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ( រាល់ម៉ោងធ្វើការ ) ដើម្បីស្វែងរកវីរុសកូវីដ១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័ក នៅផ្ទះ ឬនៅសណ្ឋាគារ ឬនៅតាមមណ្ឌលចត្តាឡីស័ក នៅតាមខេត្ត ឲ្យបានឲ្យគ្រប់ចំនួន ១៤ថ្ងៃ និងអនុវត្តន៍វិធានការការពារខ្លួន កុំឲ្យចម្លងទៅអ្នកដទៃ ឲ្យបានត្រឹមត្រូវជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងធ្វើចត្តាឡីស័កនេះ ឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ ទៅម្នាក់ និងកុំឲ្យមានការរាតត្បាតនៅក្នុងសហគមន៍។
សេចក្តីប្រកាសអំពាវនាវរបស់ក្រសួងសុខាភិបាលដូច្នេះ បានធ្វើឡើងខណៈដែលការឆ្លងរាលដាលកូវីដ១៩ នៅសហគមន៍ ពីម្នាក់ទៅម្នាក់ នៅភ្នំពេញ កាន់តែកើនឡើង។ នៅថ្ងៃទី៥ធ្នូម្សិលមិញ រកឃើញអ្នកឆ្លងថ្មីម្នាក់ទៀត ឈ្មោះ សាយ សៅលាង អាយុ ២១ឆ្នាំ មានអាសយដ្ឋាន នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl's Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានវីរុសកូវីដ១៩ នៅថ្ងៃទី៣ ខែធ្នូ។
គិតពីថ្ងៃទី២៩វិច្ឆិកា មកដល់ថ្ងៃទី៥ ខែធ្នូ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបចំនួន ១០៧៧២នាក់។ ក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុប ៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕






