SWIFT NEWS ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០
(ភ្នំពេញ)៖ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការន៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ទៀត។ នោះគឺបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅលាង អាយុ ២១ឆ្នាំ មានអាសយដ្ឋាន នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl's Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានវីរុសកូវីដ១៩ នៅថ្ងៃទី៣ ខែធ្នូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល ប្រកាសថា គិតពីថ្ងៃទី២៩វិច្ឆិកា មកដល់ថ្ងៃទី៥ ខែធ្នូ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបចំនួន ១០៧៧២នាក់។ ក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុប ៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវដល់អតិថិជនទាំងឡាយណា ដែលបានចូលទៅទិញសម្លៀកបំពាក់ នៅហាង Zando សាខាបឹងកេងកង នៅអំឡុងពេលចាប់ពីម៉ោង ១៩:៣០នាទីយប់ ដល់ពេលបិទហាង នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ( រាល់ម៉ោងធ្វើការ ) ដើម្បីស្វែងរកវីរុសកូវីដ១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័ក នៅផ្ទះ ឬនៅសណ្ឋាគារ ឬនៅតាមមណ្ឌលចត្តាឡីស័ក នៅតាមខេត្ត ឲ្យបានឲ្យគ្រប់ចំនួន ១៤ថ្ងៃ និងអនុវត្តន៍វិធានការការពារខ្លួន កុំឲ្យចម្លងទៅអ្នកដទៃ ឲ្យបានត្រឹមត្រូវជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងធ្វើចត្តាឡីស័កនេះ ឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ ទៅម្នាក់ និងកុំឲ្យមានការរាតត្បាតនៅក្នុងសហគមន៍។
ទន្ទឹមនឹងរកឃើញឆ្លងថ្មីម្នាក់ កាលពីថ្ងៃទី៥ ខែធ្នូ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ម្នាក់ដែរ គឺបុរសជនជាតិនេប៉ាល់ ឈ្មោះ ហ្គូរ៉ុង កាម៉ា ស៊ុលទីម ( GURUNG Karma Tsultim ) អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៧១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤៦នាក់។ ក្នុងនោះ ៣០៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ( ៣៣នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៧នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ )៕






