(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បានសេចក្ដីប្រកាសព័ត៌មានមួយស្ដីពី ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរទាំងអស់ចូលមកប្រទេសកម្ពុជា ដោយចាប់អនុវត្តពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០តទៅ។ ក្នុងសេចក្ដីប្រកាសដដែលនេះ ក៏បានបញ្ជាក់ដែរ ថា ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩វិជ្ជមានភ្លាម តាមបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចេញមុខទាក់ទងមកក្រសួងសុខាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ៕



