(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវឲ្យអ្នកប៉ះពាល់ទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ សូមធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ និងអញ្ជើញទៅធ្វើតេស្ត ជាលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដែលក្រសួងសុខាភិបាល រៀបចំទីតាំងយកវត្ថុសំណាក នៅបរិវេណក្រសួងមហាផ្ទៃ និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ( ស្តាតអូឡាំពិក ) ក្នុងរាជធានីភ្នំពេញ ព្រមទាំងនៅតាមមន្ទីរសុខាភិបាល ខេត្ត ( ដែលទទួលខុសត្រូវ ក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត )។
ក្រសួងសុខាភិបាល បានប្រកាសថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ បានចំនួន ៩៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែធ្នូ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣៥នាក់។ ក្នុងនោះ ៣០៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ២៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ និង ៥នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ )៕



