(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពិសេស លើកទី ៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី “ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩” នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅបុរីញូវយ៉ក ត្រូវជាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា។
ក្នុងកិច្ចប្រជុំពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មកដល់បច្ចុប្បន្ន ជំងឺកូវីដ១៩ បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឲ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត។ ក្នុងន័យនេះ កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនគួរត្រូវបានប្រទេសណាមួយ ឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននោះឡើយ។ ខណៈដែលជីវិតមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក កំពុងស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេ លើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយទៅវិញ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្ម មិនអាចខ្វះបាន នៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បន្ថែមលើនេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ទោះជារដ្ឋនោះ ធំ ឬតូច មាន ឬក្រ ក៏ដោយ ដោយមាន អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ជាស្នូល»។
សម្តេចតេជោ ក៏បានគូសបញ្ជាក់នូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ និងអង្គការសុខសភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។ លើសពីនេះទៀត សម្តេចតេជោ បន្ថែមថា កម្ពុជា ក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់បំផុត សម្រាប់ការធានាថា វ៉ាក់សាំង ដែលត្រូវបានរកឃើញ គឺជាទំនិញសាធារនៈ និងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេស ចំពោះប្រទេស ដែលងាយរងគ្រោះបំផុត។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បន្ថែមថា «ទោះបីជាវិបត្តិសុខភាពសាធារណៈនេះ អាចនឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខ ប្រទេសទាំងអស់ នឹងនៅតែត្រូវដោះស្រាយបន្តទៀតនូវបញ្ហាប្រឈម ក្នុងដំណាក់កាលនៃការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ។ ជាការពិត ជំនួយអាចជាចំណែកតូចមួយនៃការស្តារនេះ ក៏ប៉ុន្តែកត្តា ដែលសំខាន់មិនអាចខ្វះបាន គឺការបន្តរក្សាបាននូវយន្តការពហុភាគីនិយម សកលភាវូបនីយកម្មនិយម ពាណិជ្ជសរីភាវូបនីយកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ ទេសចរណ៍អន្តរជាតិ និងការធ្វើដំណើរជាទូទៅ។ ក្នុងន័យនេះ កម្ពុជាគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការ អ.ស.ប អំពីការបង្កើតមូលនិធិ អ.ស.ប សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ និងការរៀបចំស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានដាក់ចេញ កាលពីដើមឆ្នាំនេះ»៕





