(ភ្នំពេញ)៖ តំណាងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ នៅតែបន្តកិច្ចសហការក្នុងការជួយគាំទ្រដល់បេឡាជាតិសន្តិសុខសង្គមនៅកម្ពុជា។ ជំហរនេះ ត្រូវបានលើកឡើង នៅក្នុងជំនួបពិភាក្សាមួយរវាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ប.ស.ស. ជាមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តមអគ្គនាយក បានស្នើឱ្យដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិខាងការងារ (ILO) និងប្រតិភូនៃសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) បន្តជួយគាំទ្របន្ថែមទៀតលើការអភិវឌ្ឃធនធានមនុស្ស ក៏ដូចជាផ្នែកបច្ចេកទេសមួយចំនួន ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសន្តិសុខសង្គមនៅកម្ពុជា កាន់តែទទួលបាននូវ គុណភាពនិងភាពទាន់ពេលវេលា។
ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងបេឡាជាតិសន្តិសុខសង្គមនៅកម្ពុជា ជាមួយដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិខាងការងារ (ILO) និងប្រតិភូនៃសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) ហើយភាគីទាំងពីរនៅតែបន្តកិច្ចសហការដ៏ល្អ ដើម្បីឱ្យការងារមួយនេះកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
តំណាងអង្គការអន្តរជាតិខាងការងារ (ILO) លោក Finn Koh ក៏បានធ្វើការកោតសរសើរចំពោះការផ្តល់សេវាសន្តិសុខសង្គមនៅកម្ពុជាកន្លងមក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិករបស់ខ្លួន ។
កន្លងមក ប.ស.ស. បានទទួលការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍អន្តរជាតិជាច្រើនផងដែរ នេះសបញ្ជាក់ពីការចូលរួមក្នុងការបន្តការសហការដើម្បីអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព៕




