(ភ្នំពេញ)៖ ការចរចាបានឯកភាពគ្នា កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ដោយតំណាងសហជីពកម្មករស៊ីនទ្រី ព្រមព្រៀង ឲ្យកម្មករប្រមូលសំរាមស៊ីនទ្រី ២១៥០នាក់ ចូលធ្វើការ ចេញឡាន ប្រមូលសំរាមឡើងវិញ ក្រោយពីប្រមូលផ្តុំធ្វើកូដកម្ម ចាប់តាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។ ក៏ប៉ុន្តែមកដល់ព្រឹកថ្ងៃទី៨ ខែតុលានេះ កម្មករក្រុមហ៊ុន ស៊ិន ទ្រី បានបន្តប្រមូលផ្ដុំធ្វើកូដកម្ម នៅមុខយានដ្ឋានរបស់ក្រុមហ៊ុន ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ មកដល់ព្រឹកថ្ងៃទី៨ ខែតុលានេះ មានកម្មករ ធ្វើកូដកម្ម ប្រហែល ៣០០នាក់ មិនព្រមចេញឡាន ប្រមូលសំរាមទេ។
កូដកម្ម នៅព្រឹកនេះ ដឹកនាំដោយសហជីពកម្មករនិយោជិកវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ិនទ្រី ដែលមានលោក កៅ សាវ៉ាត ជាប្រធានសហជីព។
ក្រុមកម្មករស៊ីនទ្រី ប្រមាណ ៣០០នាក់ ដែលបន្តធ្វើកូដកម្មនេះ ប្រកាសទាមទារ ៥ ចំណុច រួមមាន៖ ១.ទាមទារប្រាក់បំណាច់អតីតភាពការងារ។ ២.ទាមទារសំណងជំងឺចិត្ត។ ៣.ទាមទារប្រាក់ជួសឲ្យការជូនដំណឹង (ប្រាក់ ដែលក្រុមហ៊ុនមិនបានជូនដំណឹងជាមុន)។ ៤.ទាមទារប្រាក់ខែចុងក្រោយ និង៥.ការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់។
សាលារាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន គ្រោងនឹងជួបប្រជុំចរចាជាមួយតំណាងក្រុមកម្មករស៊ីនទ្រី ដែលតវ៉ានេះ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នេះ។
ជាការកត់សម្គាល់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ការចរចា ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ រួមទាំងតំណាងកម្មករស៊ីនទ្រី បានឯកភាពគ្នា ៣ ចំណុច រួមមាន៖
១-ចំពោះសំណើរបស់បងប្អូនកម្មករនិយោជិត ទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្តីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។
២-ចំពោះការងាររបស់បងប្អូនកម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនឲ្យបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ។
៣-សូមឲ្យបងប្អូនកម្មករនិយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ តទៅ។
សូមបញ្ជាក់ថា ការតវ៉ារបស់កម្មករស៊ីនទ្រីនេះ ដោយសារពួកគេបារម្ភថា ប្រសិនបើមានការដេញថ្លៃក្រុមហ៊ុនថ្មីបន្ថែមទៀតនោះ ពួកគេអាចនឹងប្រឈមនឹងការបាត់បង់ការងារ និងលក្ខខណ្ឌ ដែលគាត់ទទួលបានពីក្រុមហ៊ុនស៊ីនទ្រី។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំចរចាជាបន្តបន្ទាប់ និងនៅតាមវេទិកានានា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសធានា មិនឲ្យបងប្អូនកម្មករនិយោជិតរបស់ស៊ីនទ្រីទាំងអស់ បាត់បង់ការងារទេ ហើយផលប្រយោជន៍នានា រួមទាំងប្រាក់អតីតភាពការងារ ក៏ត្រូវរក្សា និងដោះស្រាយតាមច្បាប់ការងារយ៉ាងត្រឹមត្រូវដែរ៕





