(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលអូស្ត្រាលី និងគណៈកម្មការមូលប័ត្រកម្ពុជា (គ.ម.ក) រួមគ្នាបានបើកឱ្យដំណើរការគម្រោងកៀងគរទុនសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីផ្សារមូលប័ត្រ ក្រោមអធិបតីភាព ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលប័ត្រកម្ពុជា។
ទីផ្សារមូលធណក្នុងស្រុកប្រកបដោយប្រសិទ្ធភាព នឹងជួយឱ្យកម្ពុជា អាចធ្វើពពិធកម្ម ប្រភពមូលធនសំរាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបាន ហើយក៏សម្រួលឱ្យកម្ពុជាមានលទ្ធភាពបត់បែនបានងាយស្រួល ក្នុងការឆ្លើយតបនឹងកិច្ចប្រឹងប្រែង ក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពីការប៉ះពាល់ជំងឺកូវីដ-១៩។
ឯកឧត្តមឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា «យើងនឹងធ្វើការយ៉ាងជិតសិ្នទ្ធជាមួយ គ.ម.ក និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីសម្រួលដល់ការបង្កើតលក្ខខណ្ឌ សម្រាប់ទីផ្សារមូលធនរយៈពេលវែងមួយ ប្រកបដោយភាពរស់រវើក ដែលគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា»។
តាមរយៈកញ្ចប់ថវិកា ៥០លានដុល្លារអូស្ត្រាលី ដើម្បីអភិវឌ្ឋហេដ្ឋារចនាសម្ព័ន្ធក្នុងកម្ពុជា កម្មវិធីវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ (3i) រដ្ឋាភិបាលអូស្ត្រាលីធ្វើការជាដៃគូជាមួយគណៈកម្មការមូលប័ត្រកម្ពុជា ពង្រឹងការកៀងគរមូលធនក្នុងស្រុក សម្រាប់ការវិនិយោគហេដ្ឋារចនាសម័្ពន្ធ។ រួមមានការផ្តល់ជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍក្របខ័ណ្ឌច្បាប់ សម្រាប់បំណុលរយៈពេលវែង ពង្រឹងសមត្ថភាពភាគពាក់ព័ន្ធនិងបង្កើតវិធានការណ៍នានា ដើម្បីបង្កើតវិធានការណ៍នានា ដើម្បីបង្កើតយន្តការបន្ថែម សំរាប់វិស័យឯកជនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ។ ជំនួយបច្ចេកទេសនេះ នឹងបង្កើតគម្រោងហេដ្ឋារចនាសម័្ពន្ធមួយ ឱ្យដំណើរការផងដែរ។
ឯកឧត្តមឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា «អូស្ត្រាលីប្តេជ្ញាជួយកម្ពុជាដំណើតពិពិធកម្មប្រភពមូលធនក្នុងស្រុក សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ព្រោះយើងជឿជាក់ថាដំណើរពិពិធកម្មនេះ មានសារៈសំខាន់ ក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចមួយដែលធន់ និងគិតគូរដល់ផលប្រយោជន៍ប្រជាជនគ្រប់ៗគ្នា។ វាពិតជាមានសារៈសំខាន់ជាពិសេស ក្នុងពេលដែលកម្ពុជាកំពុងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពីផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ខ្ញុំទន្ទឹងរង់ចាំមើលសក្តានុពលនៃទីផ្សារមូលធនក្នុងស្រុករបស់កម្ពុជាចេញជាផ្លែផ្កា»៕



