(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានយកវត្ថុសំណាកពីអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានចំនួន ២០៤២នាក់បន្ថែមទៀត។ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបបានចំនួន ៨២១២នាក់។
សេចក្តីប្រកាស លើកឡើងថា បើគិតទាំងចំនួននៅសល់ពីថ្ងៃមុនៗ ដែលត្រូវយកមកវិភាគនៅថ្ងៃជាបន្តបន្ទាប់នោះ គឺមានវត្ថុសំណាកសរុបចំនួន ៣៩៩៨នាក់។ នៅក្នុងចំនួននេះ វត្ថុសំណាកចំនួន ២៩១៧នាក់ បានធ្វើវិភាគនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ដោយបានផ្តល់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រឹមម៉ោង ២៣:៣០នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។
ក្រសួងសុខាភិបាល បានបន្ថែមថា បើគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នេះ វត្ថុសំណាកចំនួន ៧១៣១ នាក់ ត្រូវបានធ្វើវិភាគរួចរាល់ហើយ ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកវត្ថុសំណាក នៅសល់ ចំនួន ១០៨១នាក់ទៀត នឹងត្រូវបន្តធ្វើវិភាគ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕




