(ភ្នំពេញ)៖ លោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត បានចេញសារព្រមានលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ទាំងយប់ ដោយសូមបញ្ឈប់ជាបន្ទាន់ នូវការនិយាយពីឈ្មោះរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ នៅក្នុងការឡាយលើបណ្តាញសង្គម Facebook។
លោកជំទាវក្មួយស្រីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន វណ្ណៈ ក៏បានព្រមានប្តឹងឧកញ៉ាលក់ឡេ អ៊ាន សៀវម៉ី ទៅតុលាការថែមទៀតផង បើមិនឈប់និយាយប៉ះពាល់ដល់លោកជំទាវទេនោះ។
យ៉ាងណាក៏ដោយ មកដល់រសៀលថ្ងៃទី២ ខែធ្នូនេះ លោកជំទាវឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី មិនមានចេញខ្លីបវិដេអូថ្មីតាមហ្វេសប៊ុកនៅឡើយទេ។ ប៉ុន្តែក្នុងខ្លីបវិដេអូឡាយ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវឧកញ៉ាលក់ឡេ អ៊ាន សៀវម៉ី បានប្រកាសបកស្រាយនឹងលោកជំទាវ ហ៊ុន ស៊ីណាត ដែលលោកជំទាវឧកញ៉ាលក់ឡេ អ៊ាន សៀវម៉ី ហៅ «លោកជំទាវអ៊ុំ» បានស៊ែរវិដេអូពេលនាងឡាយលក់ឡេ ហើយប្រមាថ និងហៅនាងថា ជាឧកញ៉ាជជុះ ហើយលោកជំទាវ ហ៊ុន ស៊ីណាត សរសេរលើហ្វេសប៊ុកថា នាងប្រើពាក្យអសុរស នាំឲ្យប៉ះពាល់ដល់ងារឧកញ៉ាផ្សេងទៀត។
លោកជំទាវឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី ក៏បានលើកឡើងថា នាង និងក្រុមគ្រួសារលោកជំទាវ ហ៊ុន ស៊ីណាត ជាអ្នកស្គាល់គ្នា ដោយនាងបានទៅចូលរួមកម្មវិធីជាច្រើននៅផ្ទះរបស់លោកជំទាវ ហ៊ុន ស៊ីណាត តាមរយៈលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជាអ្នកហៅនាងទៅ។ ដូច្នេះខុសទាស់អី លោកជំទាវឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី ថា លោកជំទាវ ហ៊ុន ស៊ីណាត គួរតែហៅនាងទៅស្តីឲ្យ មិនគួរណាចាំរិះគន់ជាន់ពន្លិចដូច្នេះទេ៕



