(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់។ ក្នុងនោះ ម្នាក់ជាភរិយារបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានធ្វើដំណើរនៅភ្នំពេញ និងនៅខេត្តសៀមរាប។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកជំទាវ យក់ សម្បត្តិ បានបន្ថែមថា ក្រោយលទ្ធផលបង្ហាញថា ភរិយាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ មានវិជ្ជមានវីរុសកូវីដ១៩ រួចមក ក្រុមគ្រូពេទ្យ បានចេញធ្វើការទាំងយប់ ទាំងនៅភ្នំពេញ និងទាំងនៅខេត្តសៀមរាប ដើម្បីយកស្ត្រីអ្នកជំងឺ ពីផ្ទះ នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងយកអ្នកប៉ះពាល់ធ្វើតេស្ត នៅផ្ទះរបស់គាត់ នៅភ្នំពេញនេះ និងផ្ទះរបស់គាត់ នៅខេត្តសៀមរាប។
យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតពីអ្នកជំងឺថ្មីទាំងពីរនាក់នេះ នឹងត្រូវក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៨នាក់។ ក្នុងនោះ ២៩៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៣នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ)៕



