(សៀមរាប)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងស្នាក់នៅទីរួមខេត្តសៀមរាប បានផ្ញើសារជាសំឡេងទាំងយប់ជូនជនរួមជាតិ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកានេះ ដោយសម្តេច បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ជាលើកទីដំបូង នៅកម្ពុជា។ នោះគឺភរិយារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ របស់ក្រសួងមហាផ្ទៃ បានឆ្លងជំងឺកូវីដ១៩ ដោយមិនដឹងឆ្លងពីណា។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ហើយកុំប្រមូលផ្តុំមនុស្សច្រើន។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ ហើយសូមស្នាក់នៅផ្ទះ ប្រសិនបើមិនមានភារៈកិច្ចចេញក្រៅ ដើម្បីសមត្ថកិច្ចជំនាញសុខាភិបាលងាយធ្វើការតាមដានត្រួតពិនិត្យ។ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាក់ជូនថា សម្តេចមិនលុបកម្មវិធីបើកការដ្ឋានផ្លូវនៅសៀមរាប និងមិនមានវិធានការបិទសាលារៀននោះទេ ដោយនៅបន្តធម្មតា តាមបែបគន្លងថ្មី និងត្រូវពង្រឹងការត្រួតពិនិត្យសុខភាពអនាម័យឲ្យបានល្អ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ថ្ងៃនេះ យើងបានរកឃើញករណីមួយ ទៅលើភរិយារបស់អគ្គនាយកពន្ធនាគារ ដែលមានការកើតនូវកូវីដ១៩។ នេះជាករណីដំបូងបំផុត ដែលយើងអាចចាត់ទុកថា ជាការឆ្លងក្នុងសហគមន៍ ហើយមានការពាក់ព័ន្ធជាមួយនឹងទីក្រុងភ្នំពេញ ខេត្តសៀមរាប ហើយនឹងអាចឈានទៅដល់ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាល បានប្រកាន់យកវិធានការបន្ទាន់ ដោយធ្វើការប្រមូលផ្តុំអ្នកដែលជាប់ពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោល ដើម្បីឲ្យធ្វើចត្តាឡីស័ក ក៏ដូចជាយកសំណាកទៅពិនិត្យ»។
សម្តេចតេជោ បន្តថា «ដោយឡែក នៅទីក្រុងភ្នំពេញ មានថ្នាក់ឧបនាយករដ្ឋមន្ត្រី គឺសម្តេចក្រឡាហោម ស ខេង ឯកឧត្តម ប៊ិន ឈិន ឯកឧត្តម កើត រិទ្ធ ក៏ដូចជាមេដឹកនាំមួយចំនួនទៀត ដែលបានប្រជុំជាមួយគ្នា ចាំបាច់ត្រូវធ្វើចត្តាឡីស័ក ហើយក៏ត្រូវធ្វើការធ្វើតេស្ត ឲ្យបានម៉ត់ចត់។ ក្នុងចំណោមនោះ អាចមានទាំងក្រុមគ្រួសារផងដែរ។ ចំពោះអ៊ីអន១ ( ផ្សារអ៊ីអន១ ) សុំអធ្យាស្រ័យ ដោយសារមានការចាំបាច់ក្នុងការបិទក្នុងមួយរយៈពេលខ្លី ដើម្បីត្រួតពិនិត្យអ្នកដែលមានការពាក់ព័ន្ធ»។
សម្រាប់ប្រជាពលរដ្ឋ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវថា «ខ្ញុំសូមអំពាវនាវសម្រាប់ប្រជាពលរដ្ឋរបស់យើង កុំមានការឆោលឡោ ភ័យខ្លាច រហូតទៅដល់ការបាត់បង់នូវការគ្រប់គ្រង។ ប៉ុន្តែខ្ញុំស្នើឲ្យប្រជាពលរដ្ឋរបស់យើង បង្កើននូវការយកចិត្តទុកដាក់ ពាក់ព័ន្ធជាមួយនឹងការការពារខ្លួន តាមរយៈការពាក់ម៉ាស តាមរយៈការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណី ដែលមានការសង្ស័យ ត្រូវទៅរកការបញ្ជាក់ពីគ្រូពេទ្យឲ្យបានឆាប់។ សូមបង្កើននូវការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួន នៅក្នុងកាលៈទេសៈដ៏ចាំបាច់នេះ ហើយបើអាចជៀសវាងបាន សុំឲ្យជៀសវាង កុំធ្វើការប្រមូលផ្តុំណាមួយ។ ខ្ញុំមិនមានការអំពាវនាវ ដើម្បីបិទសាលារៀន នៅទីក្រុងភ្នំពេញ ឬខេត្តសៀមរាប ឬខេត្តដែលមានការពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនៃការពាក់ម៉ាស និងការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ។ យើងត្រូវទុកឲ្យដំណើរការប្រព្រឹត្តិទៅធម្មតា តាមគន្លងថ្មី រាប់ទាំងសាលារៀនផងដែរ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើង នឹងយល់ទៅដល់សភាពការណ៍នេះ ហើយខ្ញុំនឹងតាមដានដោយយកចិត្តទុកដាក់ ទៅលើការវិវត្តន៍នៃសភាពការណ៍ទាំងអស់ ដែលក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធរាយការណ៍ឲ្យខ្ញុំជាបន្តបន្ទាប់»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ឥឡូវនេះ បើទោះបីជាបញ្ហានេះ បានកើតនៅទីក្រុងភ្នំពេញ និងនៅសៀមរាប ក៏ខ្ញុំកំពុងស្ថិតនៅសៀមរាប ហើយខ្ញុំនៅតែដំណើរការកម្មវិធីធម្មតា ដោយគ្រាន់តែបង្កើននូវការប្រុងប្រយ័ត្នប៉ុណ្ណោះ។ ដូច្នេះមិនមានការលុបចោលនូវកម្មវិធី ដែលមានគ្រោងទុក សម្រាប់ការបើកការដ្ឋានផ្លូវ ៣៨ខ្សែ រួមនឹងការកែលម្អនូវដងស្ទឹងសៀមរាប ផងនោះទេ។ សូមបងប្អូនបង្កើននូវការយកចិត្តទុកដាក់ទៅលើការការពារខ្លួន ហើយប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ហើយនៅក្នុងផ្ទះ ដើម្បីងាយស្រួលឲ្យអាជ្ញាធរ ធ្វើការត្រួតពិនិត្យទៅលើបញ្ហាទាំងឡាយ ហើយអ្នកដែលត្រូវធ្វើចត្តាឡីស័ក ក៏ត្រូវធ្វើឲ្យបានម៉ត់ចត់ ជៀសវាងនូវការសាយភាយ ទៅកាន់កន្លែងផ្សេងទៀត។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង នឹងជម្នះបាននូវការលំបាកនៅក្នុងកាលៈទេសៈ មិនទាន់ច្បាស់លាស់នេះ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ការណ៍ដែលយើងយកវិធានការនេះ ជាការដែលយើងខិតខំជៀសវាងឲ្យខានតែបានទៅនឹងការរីករាលដាលទៅក្នុងសហគមន៍។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង នឹងមានការយោគយល់ចំពោះសភាពការណ៍នេះ។ ថ្នាក់ឧបនាយករដ្ឋមន្ត្រី ថ្នាក់រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងមន្ត្រីមួយចំនួន រាប់ទាំងអភិបាលក្រុងសៀមរាប ក៏បាន និងកំពុងធ្វើចត្តាឡីស័ក ផងដែរ ដោយទើបនឹងដឹងថា មានការពាក់ព័ន្ធ និងទទួលទានអាហារជាមួយនឹងឪពុក ដែលបានពាក់ព័ន្ធជាមួយនឹងអគ្គនាយកពន្ធនាគារ និងភរិយារបស់គាត់។ ដូច្នេះគ្រាន់តែពាក់ព័ន្ធបែបនេះ ឪពុកបានធ្វើដំណើរមកសៀមរាប ក៏តម្រូវឲ្យកូននៅសៀមរាប ដែលជាអភិបាលក្រុង ធ្វើចត្តាឡីស័កផងដែរ។ នេះហើយគឺជាវិធានការ ដែលយើងប្រកាន់យក។ មានតែវិធានការបែបនេះទេ ទើបអាចយកឈ្នះលើកូវីដ១៩ ដែលអាចចាត់ទុកថា ជាករណីដំបូងបំផុត ក្នុងការឆ្លងចេញពីសហគមន៍ ដែលមិនទាន់ដឹងច្បាស់ថា តើភរិយារបស់ឯកឧត្តម អគ្គនាយកពន្ធនាគារ បានឆ្លងពីនរណា? ហើយនិងបានចម្លងទៅនរណាខ្លះទៀត? នេះជាករណី ដែលកំពុងតាមដានបន្ត។ ដូចជាករណីពន្ធនាគារព្រៃស ដែលអាចនឹងមានហានិភ័យ ប្រសិនបើលោកជំទាវភរិយាអគ្គនាយកពន្ធនាគារ បានទៅកាន់ទីនោះ។ ក៏ត្រូវតែមានការធ្វើសកម្មភាពបន្ទាន់។ សង្ឃឹមថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងធ្វើសកម្មភាពភ្លាមៗ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើសកម្មភាពភា្លមៗ ជាពិសេសខេត្តសៀមរាប បន្ទាយមានជ័យ គឺដោយជាមួយនឹងអ្នកដែលចូលរួមប្រជុំ ស្នងការនគរបាល ហើយអាចមានទៅដល់ខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងការធ្វើដំណើររបស់សម្តេចក្រឡាហោម ស ខេង ទៅកាន់ទីនោះ»។
ដូច្នេះជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ម្ខាងកុំមានការជ្រួលច្របល់ ដែលនាំទៅដល់ការគ្រប់គ្រងទីផ្សារ មិនបានល្អ។ ចិត្តសាស្ត្រជ្រួលច្របល់ និងម្ខាងទៀត ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយខ្ញុំសូមដំណើរការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដំណើរការរៀនសូត្រ និងធ្វើការ ក៏ប៉ុន្តែត្រូវតែមានការបង្កើនការប្រុងប្រយ័ត្ន អំពីបញ្ហាពាក់ព័ន្ធជាមួយនឹងអនាម័យ នៅតាមសាលារៀនទាំងនោះ ហើយបើសិនជាមានកិច្ចការណា វាមិនច្បាស់លាស់ ដែលមានការសង្ស័យ ខ្ញុំនឹងចេញបទបញ្ជាបន្ថែមទៀត តាមក្រោយ»៕



