(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនសារណែនាំដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលករណីកូវីដ១៩ថ្មី ដែលទើបរកឃើញកើតលើស្ត្រីជាភរិយានៃប្រធានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឲ្យធ្វើចត្តាឡីស័ក្ត ឲ្យបានហ្មត់ចត់ត្រឹមត្រូវ តាមការណែនាំពីក្រសួងសុខាភិបាល។
អ្នកពាក់ព័ន្ធដោយប្រយោលមានចាប់តាំងពីថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គនាយក ដែលបានចូលរួមប្រជុំ ដែលក្នុងនោះមានវត្តមានឯកឧត្តមអគ្គនាយកពន្ធនាគារដែរ ដែលតម្រូវឲ្យធ្វើចត្តាឡីស័ក្ត ហើយមានទាំងសមាជិកក្រុមគ្រួសារផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ ហើយសូមស្នាក់នៅក្នុងផ្ទះ ប្រសិនបើមិនមានភារៈចេញក្រៅ ដើម្បីសមត្ថកិច្ចជំនាញសុខាភិបាលងាយធ្វើការតាមដានត្រួតពិនិត្យ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនដែរថា សាលារៀននៅបន្តធម្មតាតាមគន្លងថ្មី ដោយមិនមានបិទទេ ហើយត្រូវពង្រឹងការត្រួតពិនិត្យសុខភាពអនាម័យ ឲ្យបានត្រឹមត្រូវហ្មត់ចត់។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមិនលុបកម្មវិធីបើកការដ្ឋានផ្លូវនៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកានេះទេ គឺបន្តរៀបចំធ្វើដោយមានការការពារសុខភាពអនាម័យហ្មត់ចត់។ Swift News នឹងបន្តផ្សាយជូនជ្រាបបន្ថែមទៀត៕



