(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥នាក់ ជាក្រុមគ្រួសាររបស់ស្ត្រីខ្មែរម្នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្ត្រីរូបនេះ អាយុ ៥៦ឆ្នាំ ជាភរិយារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ។
សេចក្តីប្រកាស បង្ហាញថា ស្ត្រីជនជាតិខ្មែរ អាយុ ៥៦ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងនៅបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ដែលគាត់មានអាការៈមិនស្រួលខ្លួន ( មានចេញរោគសញ្ញាផ្តាសាយ ចំនួន ៣ថ្ងៃ ) ក៏បានទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យជំងឺ ហើយត្រូវបានគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅពិនិត្យ ដែលលទ្ធផលវិភាគផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល ប្រកាសបន្ថែមថា ស្វាមីរបស់ស្ត្រី អាយុ ៥៦ឆ្នាំ ខាងលើ ជាអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ រួមជាមួយសមាជិកគ្រួសារ ៤នាក់ទៀត ដែលនៅផ្ទះជាមួយគ្នា ( ស្ត្រីអាយុ ៣៦ឆ្នាំ កុមារាអាយុ ១២ឆ្នាំ បុរសអាយុ ៣៦ឆ្នាំ និងបុរសអាយុ ៣០ឆ្នាំ ) បានធ្វើតេស្តវត្ថុសំណាក ដោយទទួលបានលទ្ធផលវីរុសកូវីដ១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្ន ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ជាវិធានការ និងការណែនាំ ចំពោះករណីឆ្លងនៅសហគមន៍នេះ ត្រូវបានក្រសួងសុខាភិបាល ប្រកាសជូនដល់អ្នកដែលបះពាល់ជាមួយអ្នកជំងឺ ( ស្វាមី និងភរិយា ព្រមទាំងក្រុមគ្រួសារ ៤នាក់ ) ខាងលើទាំងអស់ ចាំបាច់ត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងនៅមណ្ឌលចត្តាឡីស័ក នៅខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ ( សម្រាប់អ្នកដែលប៉ះពាល់នៅតាមខេត្ត ) និងអនុវត្តន៍ទៅតាមសារសំឡេងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងរបស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬចេញទៅមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងកុំឲ្យមានការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។
ក្រសួងសុខាភិបាល ក៏បានបន្ថែមថា អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាល ខេត្ត ដែលពាក់ព័ន្ធ ត្រូវបន្តរុករកស្រាវជ្រាវរកអ្នកប៉ះពាល់ និងធ្វើការតាមដានការងារធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃនេះ ជាបន្តទៀត ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ បន្តគ្នា ក្នុងលក្ខណៈទ្រង់ទ្រាយធំ នៅសហគមន៍ផងដែរ។ រីឯផ្សារទំនើប អ៊ីអន ទី១ ត្រូវបានបិទជាបណ្តោះអាសន្ន ក្នុងរយៈពេល ២-៣ថ្ងៃ ដើម្បីធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់។
សូមរម្លឹកថា ពាក់ព័ន្ធជំងឺកូវីដ១៩ ត្រូវបានក្រសួងសុខាភិបាល ប្រកាសនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២០ នេះថា មានអ្នកឆ្លងជំងឺកូវីដ សរុបចំនួន ៧នាក់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា រួមមាន៖ ស្ត្រីខ្មែរអាមេរិកកាំង អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ បន្ទាប់ពីធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ស្ត្រីរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ចំណែក ៦នាក់ទៀត ជាក្រុមគ្រួសាររបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ដូចជម្រាបជូនខាងលើ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់។ អ្នកទាំងពីរនេះ ជាបុរសជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ បានធ្វើដំណើរមកពីអាមេរិក ហើយមកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងម្នាក់ទៀត ជាបុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មានអាសយដ្ឋាន នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៩វិច្ឆិកា នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣១៥នាក់។ ក្នុងនោះ ៣០១នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ១១នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៣នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ )៕




