(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកព្រលឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ហើយក៏មានអ្នកជាសះស្បើយម្នាក់ដែរ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ អ្នកឆ្លងមេរោគកូវីដ១៩ថ្មី គឺជាស្ត្រីជនជាតិខ្មែរអាមេរិកាំង អាយុ ៦២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយលទ្ធផលតេស្តបង្ហាញថា វិជ្ជមានវីរុសកូវីដ១៩ រួចមក ស្ត្រីខ្មែរអាមេរិកកាំងរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សេចក្តីប្រកាសបន្តថា អ្នកដំណើរតាមយន្តហោះជាមួយស្ត្រីខ្មែរអាមេរិកកាំងនេះ សរុបមានចំនួន ៧៤នាក់។ ក្នុងនោះ អ្នកដំណើរ ៧៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅសណ្ឋាកគារ ២ ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីជាសះស្បើយពីជំងឺកូវីដ១៩ ម្នាក់ទៀត គឺជាស្ត្រីជនជាតិខ្មែរអាមេរិកកាំង អាយុ ៣៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរ មកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៨នាក់។ ក្នុងនោះ ២៩៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៣នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ)៕




