(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ដែលមានឈ្មោះផ្លូវការថា សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ដែលរដ្ឋសភា ប្រជុំ ពិភាក្សា និងអនុម័ត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានកំណត់ពីការចំណាយថវិកាថ្នាក់ជាតិ សរុបចំនួន ៣០ ៤៩១ ៣៣៦ លានរៀល ស្មើប្រមាណ ៧៥០០ លានដុល្លារអាមេរិក ថយចុះ ១,៩% ធៀបនឹងឆ្នាំ២០២០។
តាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ ត្រូវបានបែងចែកខ្ទង់ចំណាយជា ៥ចំណែក គឺក-វិស័យរដ្ឋបាលទូទៅ ចំនួន ១ ៩៧២ ១៩៧ លានរៀល ( ស្មើប្រមាណជាង ៤៨៧ លានដុល្លារ ) ខ-វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ចំនួន ៤ ៧៦៩ ៥៥៩ លានរៀល ( ស្មើប្រមាណជាង ១ ១៧៨ លានដុល្លារ ) គ-វិស័យសង្គមកិច្ច ចំនួន ៧ ០០០ ៨៣៥ លានរៀល ( ស្មើប្រមាណជាង ១ ៧២៩ លានដុល្លារ ) ឃ-វិស័យសេដ្ឋកិច្ច ចំនួន ៦ ៤២៥ ៧៨៩ លានរៀល ( ស្មើប្រមាណជាង ១ ៥៨៧ លានដុល្លារ ) និងចំណាយមិនទាន់បែងចែកមានមុខសញ្ញា ចំនួន ១០ ៣២២ ៩៦៦ លានរៀល ( ស្មើប្រមាណជាង ២៥៥០ លានដុល្លារ )។
សេចក្តីព្រាងច្បាប់ ថវិកាជាតិ ឆ្នាំ២០២១ ក្នុងតារាង "ខ១" បានបង្ហាញពីចំណាយថវិកាថ្នាក់ជាតិ តាមក្រសួងស្ថាប័ននីមួយៗ។ ក្នុងចំណោម ៣៨ ក្រសួងស្ថាប័ន ដែលទទួលនូវថវិកាចំណាយ សម្រាប់ឆ្នាំ២០២១ គឺក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាច្រើនជាងគេ។ បន្ទាប់មក ក្រសួងការពារជាតិ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈ ( ប៉ូលិស ) ក្រសួងសុខាភិបាល។
ការចំណាយថវិការបស់ក្រសួង ទាំង ៥ ដែលច្រើនជាងគេ នៅឆ្នាំ២០២១ រួមមាន៖
១-ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៣ ៣០២ ៥៤៩ លានរៀល ( ស្មើប្រមាណ ៨១៥,៨២ លានដុល្លារ )
២-ក្រសួងការពារជាតិ ចំនួន ២ ៥៦៥ ៨៦២ លានរៀល ( ស្មើប្រមាណ ៦៣៣,៨៤ លានដុល្លារ )
៣-ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ២ ៣៩៦ ១៩៥ លានរៀល ( ស្មើប្រមាណ ៥៩១,៩៣ លានដុល្លារ )
៤-ក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈ ( ប៉ូលិស ) ចំនួន ១ ៧០១ ៨៥៨ លានរៀល ( ស្មើប្រមាណ ៤២០,៤១ លានដុល្លារ )
៥-ក្រសួងសុខាភិបាល ចំនួន ១ ៥៣៧ ៦៧៥ លានរៀល ( ស្មើប្រមាណ ៣៧៩,៨៥ លានដុល្លារ )៕



