(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទាហានកងយោធពលខេមរភូមិន្ទចំនួនជាង១០០នាក់ បានចូលរួមពិធីប្រគល់សញ្ញាប័ត្រភាសាបារាំងនៅស្ថានទូតបារាំងប្រចាំកម្ពុជា។
ស្ថានទូតបារាំង បានលើកឡើងថា ទោះបីជាស្ថានភាពសិក្សាមិនអំណោយផលដោយសារ វិបត្តិជំងឺកូវីដ១៩ក្តី ពួកគេបានទទួលជោគជ័យក្នុងការប្រលងសញ្ញាប័ត្រភាសាបារាំង។
លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ ភាសាបារាំងផ្តល់ដល់ទាហានខាងលើនូវឱកាសពិសេសៗជាច្រើន មានដូចជាការបំពេញកម្មសិក្សាបណ្តុះបណ្តាលនៅប្រទេសបារាំង និងការកាន់មុខតំណែងបញ្ជាការនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (OMP)។
គួរកត់សម្គាល់ថា ប្រទេសកម្ពុជាខិតខំប្រឹងប្រែងក្នុងការគាំទ្រការប្តេជ្ញាចិត្តរបស់ស្រ្តីយោធាវ័យក្មេង ដែលជាលក្ខណៈវិនិច្ឆ័យជ្រើសរើសមួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព៕




