(ភ្នំពេញ)៖ បន្ទាប់ពីផ្តល់ម៉ាស ២លាន និងសម្ភារៈវេជ្ជសាស្ត្រ ១២មុខ ដល់ប្រទេសមីយ៉ាន់ម៉ារួចមក នៅព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្នុងចំណោមម៉ាស ១លាន ៥ម៉ឺននោះ មានម៉ាសធម្មតា ចំនួន ១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន។ អំណោយទាំងនេះ នឹងត្រូវដឹកជញ្ជូន តាមយន្តហោះពិសេសពីភ្នំពេញ ទៅកាន់ប្រទេសទីម័រលេស្ត នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា រាជរដ្ឋាភិបាលកម្ពុជា បានដឹកជញ្ជូនម៉ាសជាង ២លាន និងសម្ភារៈពេទ្យ ១២មុខ យកទៅប្រគល់ជូននាយករដ្ឋមន្ត្រីឡាវ នៅទីក្រុងវៀងចន្ទន៍។ ចំណែកនៅព្រឹកថ្ងៃទី២៦វិច្ឆិកានេះ កម្ពុជាក៏បានដឹកជញ្ជូនម៉ាសជាង ២លាន និងសម្ភារៈពេទ្យ ១២មុខទៀត យកទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅទីក្រុងណៃពិដោរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕



