(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងអាជីវកម្ម យីហោ ដាយមិន ម៉ាស្សា (Daimond Massage) ដែលមានតម្រុយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ឬការផ្តល់កន្លែងឲ្យរកស៊ីផ្លូវភេទ។ ប្រតិបត្តិការនោះ បានធ្វើឡើង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារចម្រុះ ដឹកនាំដោយឯកឧត្ដម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
ទីតាំងអាជីវកម្ម យីហោ ដាយមិន ម៉ាស្សា (Daimond Massage) ស្ថិតនៅផ្ទះលេខ៤៨C ផ្លូវលេខ ២២២ ភូមិ៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌដូនពេញ ប្រកាសថា នៅពេលចុះដល់ទីតាំងហាងម៉ាស្សាខាងលើនេះ ក្រុមការងារចម្រុះ បានពិនិត្យឃើញជាក់ស្ដែង ឃើញថា ទីតាំងត្រូវបានបិទទ្វារ និងមានឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស ជាអ្នកមើលការខុសត្រូវទីតាំងទាំងមូល និងបានសហការជាមួយកម្លាំងចម្រុះ ឱ្យចូលធ្វើការត្រួតពិនិត្យក្នុងទីតាំង រកឃើញវត្ថុតាងមួយចំនួន រួមមាន៖ ស្រោមអនាម័យ និងទឹករំអិល មួយចំនួន ដហូត កុំព្យូទ័រ ០១គ្រឿង Printer ០១គ្រឿង , DVR ម៉ាក Hikvision០១គ្រឿង Tablet ម៉ាកSamsung០១គ្រឿង -ទូរស័ព្ទម៉ាកOppo ពណ៌ខ្មៅ០១គ្រឿង និងកាបូបដៃពណ៌ខ្មៅ (របស់ឈ្មោះ សេង ហុកសុខរស្មី) បញ្ជីចំណូល ចំនួន០៣ក្បាល និងឯកសារមួយចំនួន។
ដោយពិនិត្យឃើញថា អាជីវកម្មខាងលើ ល្មើសនឹងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ ១៦៧សជណ.អរហ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញជាក់ស្ដែងនូវវត្ថុតាងខាងលើ (ពិសេស ស្រោមអនាម័យ និងទឹករំអិល) ដែលមានតម្រុយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មនោះ ក្រុមការងារចម្រុះ សម្រេចចាប់យកវត្ថុតាងខាងលើ និងបិទទីតាំងអាជីវកម្មនេះ ជាបណ្ដោះអាសន្ន។
ជាការកត់សម្គាល់ ប្រតិបត្តិការរបស់អាជ្ញាធរសមត្ថកិច្ច ចុះត្រួតពិនិត្យ និងបិទហាងម៉ាស្សា ដាយម៉ិន នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានធ្វើឡើង ក្រោយគេចែកចាយខ្លីបវិដេអូ ដែលបុរសម្នាក់ បានទូរស័ព្ទទៅសាកសួរស្ត្រីអ្នកបម្រើការងារនៅហាងម៉ាស្សា ដាយម៉ិន ដើម្បីសួរនាំពី Promotion បញ្ចុះតម្លៃពិសេស។ ស្ត្រីអ្នកលើកទូរស័ព្ទ បានរៀបរាប់ពីកញ្ចប់សេវាកម្មម៉ាស្សាពិសេសរបស់ហាង ម៉ាស្សា ដាយម៉ិន ដោយមានបូករួមទាំងម៉ាស្សាខ្លួនប្រាណ និងម៉ាស្សាអាអូនតូច ដោយដៃក៏មាន និងដោយមាត់ក៏មាន៕



