(ភ្នំពេញ)៖ របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្តីពី “ករណី ពាក់ព័ន្ធការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” បង្ហាញថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ភេទប្រុស ស្ថិតនៅចំណុចម្តុំស្តុប ធនាគារកាណាឌីយ៉ា ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យនោះ ជាប៉ូលិសសង្កាត់ស្រះចក ហើយកន្លែងចាប់ខ្លួន គឺនៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកតែម្តង។
របាយការណ៍បង្ហាញថា អត្តសញ្ញាណជនសង្ស័យ គឺឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៦៦ ផ្លូវ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាង ត្រូវចាប់យក រួមមាន៖ ១-ទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿង ដែលមានលេខទូរស័ព្ទ ០១៥ ៥២៥ ៥១៥។
ប៉ូលិសនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក៏បានលើកឡើងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១ និង ១៥នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង នៅចំណុចម្តុំក្តាន់ពីរR6 ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស ដោយបានធ្វើការ ត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀន ចំនួន ២០៩កញ្ចប់(២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ) និងជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង នៅក្នុងថង់ខ្មៅ ដែលជនសង្ស័យ កាន់នឹងដៃខាងឆ្វេងរបស់ខ្លួន ភ្លាមនោះ កម្លាំងសមត្ថកិច្ចយើង ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត។
របាយការណ៍បន្តថា បន្ទាប់ពីប្រើវិធានការជំនាញ សួររកចម្លើយរួមមក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១ និង០០នាទី កម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងបញ្ជការឯកភាពខណ្ឌដូនពេញ ចុះឆែកឆេរត្រួតពិនិត្យនៅតំបន់សំណង់មិនរៀបរយ នៅម្តុំផ្លូវរថភ្លើង ក្នុងក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន និងអាវុធកែច្នៃមួយចំនួន ហើយបានធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យឈ្មោះ សុង ដេត ភេទប្រុស ចំនួន ០៧នាក់បន្ថែមទៀត នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត។
របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បន្ថែមថា លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង ០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។
របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បន្ថែមថា ចំពោះមុខកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងបន្តស្រាវជ្រាវរកបក្ខពួកមេក្លោង និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕




