(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោកជំទាវ អោងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានសរសេរលិខិត ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេច បានបរិច្ចាគម៉ាស ២លាន និងបរិក្ខារពេទ្យ ១២មុខទៀត ជូនដល់មីយ៉ាន់ម៉ា។ ក្នុងលិខិត លោកជំទាវ អោងសាន ស៊ូជី ជម្រាបសម្តេចតេជោថា ការផ្ដល់ជំនួយដ៏មានតម្លៃរបស់កម្ពុជា ដល់មីយ៉ាន់ម៉ា ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដ ដែលកម្ពុជា មានចំពោះមីយ៉ាន់ម៉ា។
លោកជំទាវ អ៊ុងសាន ស៊ូជី លើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេច និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្ដល់វិភាគទានសប្បុរសធម៌នូវ ម៉ាសចំនួន ២ លាន និងបរិក្ខាពេទ្យដទៃទៀត ដល់ប្រទេសមីយ៉ាន់ម៉ា។
ការផ្ដល់ជំនួយដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដ ដែលព្រះរាជាណាចក្រកម្ពុជាមានចំពោះមីយ៉ាន់ម៉ា និងជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ ក្នុងកាលៈទេសៈដ៏លំបាកនេះ»។
លោកជំទាវ បន្តថា «បើទោះជាកំពុងជួបប្រទះការកើនឡើងករណីកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា យ៉ាងណាក៏ដោយ ក៏យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ដោយមានកម្លាំងរួមសាមគ្គីរបស់ប្រជាជនយើងខ្ញុំ និងការឧបត្ថម្ភគាំទ្រដ៏ខ្លាំងក្លាពីដៃគូជាមិត្ត ដូចជា កម្ពុជា យើងខ្ញុំនឹងអាចជម្នះលើបញ្ហាប្រឈម និងងើបឡើងកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត»។
ចុងបញ្ចប់ លោកជំទាវ អោងសាន ស៊ូជី ក៏សូមយកឆ្លៀតឱកាសនេះ សូមអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យនៅប្រទេសកម្ពុជា៕




