(ភ្នំពេញ)៖ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ២០២០ ក្រោមប្រធានបទ " កសាងខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល " តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនមេដឹកនាំអាស៊ាន និងចិន ពីវិធានការកែទម្រង់មុតស្រួច ៣ចំណុច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ រួមមាន៖ (១).ការដាក់ឱ្យអនុវត្តនូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ០៨ ថ្ងៃប៉ុណ្ណោះ ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម (២).បានចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានចាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ និង (៣).ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាដើម។
ជាងនេះទៅទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា កម្ពុជានឹងដាក់ចេញ ច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញ តាមរយៈការផ្ដល់ការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគ លើឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ល។




