(អន្តរជាតិ)៖ បន្ថែមទៅលើការបិទកម្មវិធីចំនួន៥៩ ក្នុងខែមិថុនានិងចំនួន១១៨ ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីចំនួន ៤៣បន្ថែមទៀត ដែលរួមមានទាំងកម្មវិធីវេរលុយដ៏ពេញនិយមនៅក្នុងប្រទេសចិន AliExpress របស់ក្រុមហ៊ុន Alibaba និងកម្មវិធីស្វែងរកគូស្នេហ៍មួយចំនួនផងដែរ។
នៅក្នុងការផ្សព្វផ្សាយជាផ្លូវការរបស់ក្រសួងព័ត៌មានវិទ្យានៃប្រទេសឥណ្ឌាបានឱ្យដឹងថា ការបិទកម្មវិធីទាំងនេះគឺបន្ទាប់ពីពួកគេបានទទួលនូវសេចក្ដីរាយការណ៍ពីផលប៉ះពាល់របស់កម្មវិធីនេះដល់អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសឥណ្ឌា ព្រមទាំងសន្តិសុខជាតិទៀតផង។
សូមរំឭកឡើងវិញថា គិតត្រឹមរយៈពេល៥ខែចុងក្រោយនេះ ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិនជាច្រើនមកហើយ ម្យ៉ាងវិញទៀតកម្មវិធីភាគច្រើន គឺសុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ២០០លាននាក់ និងហ្គេម PUBG Mobile ក៏មានចំនួនអ្នកលេងច្រើនជាង ៤០លាននាក់នៅក្នុងប្រទេសនេះ។ ដូច្នេះរហូតមកដល់ពេលនេះប្រទេសឥណ្ឌាបានបិទកម្មវិធីដែលមានប្រភពពីប្រទេសចិនសរុបចំនួន ២២០ រួចហើយ។ យើងក៏នៅមិនទាន់ដឹងថានឹងមានកម្មវិធីប៉ុន្មានទៀតទេ ដែលប្រទេសឥណ្ឌាសម្រេចចិត្តបិទជាបន្តទៀតដែរ។
ខាងក្រោមនេះជាឈ្មោះកម្មវិធីទាំង ៤៣ ដែលត្រូវបានបិទ៖



