​នេះហើយ! ត្រីរាជ ​ជាស្តេចពិតក្នុងទឹកទន្លេនៅតែកាន់កាប់កំណត់ត្រា ហ្គីនណេស ​ថាជាត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោក​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ គម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonders of the Mekong) នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ បានបង្ហាញរូបភាពត្រីរាជដ៏ធំសម្បើមមួយក្បាល ដែលនៅតែកាន់កាប់កំណត់ត្រាក្នុងសៀវភៅហ្គីនណេស ថាជាត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោក។

ទំព័រហ្វេសប៊ុក Wonders of the Mekong បានលើកឡើងថា «បន្តការធ្វើដំណើររបស់យើងចុះក្រោមនៅតាមដងទន្លេមេគង្គ ពីភាគខាងជើងទៅខាងត្បូង យើងសំចតនៅឈៀងខុង ស្ថិតនៅភាគខាងជើងប្រទេសថៃ ជាកន្លែងដែលត្រីរាជដ៏ធំសម្បើមមួយក្បាលត្រូវគេចាប់បានក្នុងឆ្នាំ២០០៥។ មកដល់ពេលនេះ វានៅតែកាន់កាប់កំណត់ត្រាក្នុងសៀវភៅហ្គីនណេស ថាជាត្រីទឹកសាបធំជាងគេបំផុតនៅ លើពិភពលោក ដែលវាមាន ទំងន់ ២៩៣គីឡូក្រាម (ប្រមាណ ៦៤៦ផោន)»។

ប្រភពដដែលបានបន្តថា ត្រីរាជ ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pangasianodon gigas គឺជាស្តេចពិតក្នុងទឹកទន្លេ ប៉ុន្តែវាមានវាសនា ដូចគ្នាដែរ ទៅនឹងត្រីយក្សផ្សេងៗទៀតក្នុងទន្លេមេគង្គដែល កំពុងក្លាយប្រភេទត្រីងាយផុតពូជ ដោយសារ ការនេសាទហួសប្រមាណ ការបំផ្លាញទីជម្រក និងការសាងសង់ទំនប់ ដែលរារាំងការផ្លាស់ទីរបស់ពួកវា។

កាលពីដើមឆ្នាំនេះ គម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គ បានបោះផ្សាយការសិក្សានៅក្នុងទស្សនាវត្ដីឈ្មោះ Water ដែលក្នុងនោះអ្នកនេសាទជិត ១០០នាក់នៅភាគខាងជើងប្រទេសកម្ពុជាត្រូវបានសម្ភាសន៍។ ការសិក្សានោះបានបង្ហាញថាត្រីចំនួន៨ប្រភេទ ដែលរស់នៅក្នុងទន្លេមេគង្គ ដែលលូតលាស់ធំធាត់រហូតដល់ទំងន់ជាង ៣០គីឡូ គឺកាន់តែកម្រទៅៗហើយ។ 

អ្នកវិទ្យាសាស្ត្រព្រមានថា វិធានការអភិរក្សជាបន្ទាន់គឺត្រូវការជាចាំបាច់ ដើម្បីជួយសង្គ្រោះត្រីយក្សដ៏អស្ចារ្យទាំងនេះមុនពេលពួកវាបាត់សាបសូន្យជារៀងរហូត៕

រូបភាពថតដោយ ស៊ូថេប គ្រីតសាណាវ៉ារិន

អត្ថបទដែលជាប់ទាក់ទង
កម្មវិធី AliExpress និងកម្មវិធីចំនួន ៤២ទៀតដែលមានដើមកំណើតចិន ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាបិទជាបន្តបន្ទាប់
ព័ត៌មានជាតិ
ថៃ បន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
​ជប៉ុន និង UNDP ផ្តល់ថវិកា ​៣លាន ដុល្លារ ​សម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា​
ព័ត៌មានជាតិ
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ទទូចថា «​អ្នករាយការណ៍​ពិសេស ត្រូវគោរព​ការងារ និង​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការជាតិ​»
ព័ត៌មានជាតិ
តុលាការ បើកសវនាការ​លើ​សំណុំរឿង «៩​វិច្ឆិកា​» ដែលមាន​ជនជាប់ចោទ​ជាង ១០០​នាក់​
ព័ត៌មានជាតិ
ប្រធានាធិបតីចិន លោកស៊ី ជីនពីង ផ្ញើសាររអបអរសាទរជូន លោក ចូ បៃដិន ក្នុងការឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី