កូរ៉េ នៅតែ​ទទួល​ពលករ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ពលករ​កម្ពុជា​ជិត ៥​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ទីនោះ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ទោះបី​ស្ថិតក្នុង​ដំណាក់កាល​ពិបាក​ដោយសារ​ជំងឺ​កូ​វីដ​-១៩ សាធារណរដ្ឋ​កូរ៉េ នៅតែ​ព្រម​ទទួលយក​ពលករ​កម្ពុ​ជា ឱ្យធ្វើ​ការ​នៅ​ប្រទេស​ខ្លួន ដោយសារ​និយោជក​ពេញ​ចិត្តនឹង​សមត្ថភាព ភាពស្មោះត្រង់​របស់​ពល​ករ​កម្ពុជា ខណៈពេល​បច្ចុប្បន្ន​ពល​ករ​កម្ពុជា​ប្រមាណ​ជិត ៥០,០០០ នាក់ កំពុង​បម្រើ​ការងារ​លើ​វិស័យ​នានា នៅ​ប្រទេស​កូរ៉េ​។​

​ការលើកឡើង​នេះ បានធ្វើ​ឡើង ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ការងារ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើង​ពី​វឌ្ឍនភាព​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​កើតចេញពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង តាំងពី​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៩៧ មក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិការ​នា​ពេលកន្លងមក​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក្នុង​នោះបាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ​ក្នុង​ឆ្នាំ​២០១៩ ឱ្យ​ឈានដល់​ជាង ១,៥០០ លាន​ដុល្លារ​អាមេរិក​។ ទុនវិនិយោគ​មកពី​ប្រទេស​កូរ៉េ​នៅ​កម្ពុជា មានតម្លៃ​ជាង ៥ ពាន់​លាន​ដុល្លារ​អាមេរិក គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ និង​បានធ្វើ​ឲ្យ​កូរ៉េ​ក្លាយជា​ប្រទេស​ទី​២ ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។​

​ឯកឧត្តម​បាន​បន្តថា កម្ពុជា និង​កូរ៉េ កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ឈានទៅ​ចុះហត្ថលេខា​ដាក់ឱ្យ​ដំណើរការ​ជា​ធរមាន នាពេល​ឆាប់ៗ​នេះ​។ កិច្ចព្រមព្រៀង​នេះ នឹង​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​កាន់តែ​មានការ​កើនឡើង ហើយ​វិនិយោគិន​កូរ៉េ ក៏​នឹង​មក​កម្ពុជា​បន្ថែម ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ជាច្រើន​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ទៅ​ឯកឧត្តម​អគ្គរដ្ឋទូត​ថា សម្រាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងនាម​ឯកឧត្តម​រដ្ឋមន្ត្រី ជា​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ ឯកឧត្តម​នឹង​ខិតខំ​ពិនិត្យ ដោះស្រាយ គាំទ្រ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ទៅលើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នានា​ពាក់ព័ន្ធ​ទៅនឹង​អ្នក​វិ​និ​យោ​ទុន​កូរ៉េ ដែលមាន​បំណង​ចូលមក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។ 

​នៅក្នុង​ជំនួប​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​កូរ៉េ ដែល​កន្លងមក​បាន​ជួយ​ដល់ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) ដើម្បី​ឲ្យ​អង្គភាព​មួយ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់សេវា​ការងារ ជូន​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ ក៏ដូចជា​និយោជក​ដែលមាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​។ ចំណែក​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជាជីវៈ តាមរយៈ​អង្គការ KOSHA បាន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​កម្ពុជា និង​បាន​បង្កើត​នូវ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពហុបច្ចេកទេស​កម្ពុជា (NPIC) ដែលជា​វិទ្យាស្ថាន​មួយ មាន​បច្ចេកទេស​ស្តង់ដា​ខ្ពស់ ព្រមទាំង​មានការ​គាំទ្រ​ពី​សាធារណជន សិស្ស និស្សិត​ខ្លាំង​ផងដែរ​។ ចំពោះ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក៏​ភាគី​កូរ៉េ ជួយ​ទៅលើ​បច្ចេកទេស​ជាច្រើន ដល់​កម្ពុជា ដោយ​អនុវត្តបាន​ជោគជ័យ​ទៅលើ​របប​គ្រោះថ្នាក់​ការងារ ដើម្បី​ការពារ​កម្មករនិយោជិត​ករណី​ជួប​គ្រោះថ្នាក់​អី​មួយ ក្នុងពេល​បំពេញការងារ​ខ្លួន រួមទាំង​របប​ថែទាំ​សុខភាព​ជាដើម​។ កិច្ចសហប្រតិបត្តិការ របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅតែ​បន្ត​រហូតមក​។ 

​ទន្ទឹមនេះដែរ ភាគី​កូរ៉េ​កំពុង​ជួយ​កម្ពុជា​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​កម្ពុជា មិនទាន់មាន​ច្បាប់​នេះ​នៅឡើយ នាពេល​អនាគត​កម្ពុជា នឹង​បង្កើត​ឲ្យ​មាន​ក្របខណ្ឌ​ច្បាប់​នេះ ដើម្បី​ធានាបាន​ប្រសើរ​ថែមទាំង លើ​ការការពារ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​។ 

​ជាមួយគ្នានេះ ភាគី​កូរ៉េ គ្រោង​នឹង​បង្កើត​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​បណ្តុះបណ្តាល​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​យល់​ពី​ប្រព័ន្ធ​សុវត្ថិភាព និង​សុខភាព​នៅ​កន្លែងធ្វើការ​។ 

​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​-​ទទួល​ពលករ​កម្ពុជា ធ្វើការ​នៅ​ប្រទេស​កូរ៉េ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​លើកឡើងថា បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ នៅ​ប្រទេស​កូរ៉េ មាន​ភាព​ធូរស្រាល ដែល​អាច​ទទួលយក​ក​ម្លាំ​ង​ពលកម្ម​បរទេស​បាន កម្ពុជា រំពឹងថា នឹង​ក្លាយជា​ប្រទេស​អាទិភាព​មួយ ក្នុងចំណោម​ប្រទេស​ចំនួន ១៥ ផ្សេងទៀត ដោយសារ​កម្ពុជា មាន​ស្ថានភាព​កូ​វីដ​ល្អប្រសើរ មាន​ជើងហោះហើរ​ច្រើន​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ បាន​លើកឡើងថា នៅក្នុង​ឆ្នាំ​២០១៩ ពលករ​កម្ពុ​ជាមាន​ចំនួន​ច្រើនជាងគេ ក្នុងចំណោម​ពលករ ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ នៅតែ​អនុញ្ញាត​ទទួល​ពលករ​កម្ពុ​ជាដ​ដែល​។​

​ឯកឧត្តម​ទូត បាន​បញ្ជាក់ថា «​មូលហេតុ ដែល​កូរ៉េ​អនុញ្ញាត​ទទួល​ពលករ​កម្ពុជា​យ៉ាង​ដូច្នេះ គឺ​ដោយសារ​និយោជក​មានការ​ពេញចិត្ត​នឹង​សមត្ថភាព​ខ្ពស់​របស់​ពលករ​កម្ពុ​ជា មាន​ភាពស្មោះត្រង់​នឹង​ការងារ និង​អនុវត្តតាម​ការណែនាំរ​បស់​ផ្នែក​សុខាភិបាល​របស់​រដ្ឋាភិបាល​កូរ៉េ បាន​យ៉ាង​ហ្មត់ចត់​»​។​

​សូមជម្រាបថា ចាប់ពី​ឆ្នាំ​២០០៧​មក កម្ពុជា​បាន​បញ្ជូន​ពលករ សរុប ៦៨,២៩៤ នាក់ (​ស្រី ១៤,២៥៥ នាក់​) ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​រួមមាន វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់ ដែល​អាណត្តិ​ការងារ មាន​រយៈពេល ៤ ឆ្នាំ ១០ ខែ​ ​ខណៈពេល​បច្ចុប្បន្ន ពលករ​កម្ពុជា ដែល​កំពុងធ្វើការ​នៅ​កូរ៉េ មាន​ចំនួន​ជិត ៥០,០០០ នាក់​៕​

អត្ថបទដែលជាប់ទាក់ទង
ថៃ បន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
​ជប៉ុន និង UNDP ផ្តល់ថវិកា ​៣លាន ដុល្លារ ​សម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា​
ព័ត៌មានជាតិ
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ទទូចថា «​អ្នករាយការណ៍​ពិសេស ត្រូវគោរព​ការងារ និង​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការជាតិ​»
ព័ត៌មានជាតិ
តុលាការ បើកសវនាការ​លើ​សំណុំរឿង «៩​វិច្ឆិកា​» ដែលមាន​ជនជាប់ចោទ​ជាង ១០០​នាក់​
ព័ត៌មានជាតិ
ប្រធានាធិបតីចិន លោកស៊ី ជីនពីង ផ្ញើសាររអបអរសាទរជូន លោក ចូ បៃដិន ក្នុងការឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក
ព័ត៌មានជាតិ
​នេះហើយ! ត្រីរាជ ​ជាស្តេចពិតក្នុងទឹកទន្លេនៅតែកាន់កាប់កំណត់ត្រា ហ្គីនណេស ​ថាជាត្រីទឹកសាបធំជាងគេបំផុតនៅលើពិភពលោក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី