(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថាមានអ្នកសារព័ត៌មាន មកសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែ មានប្រសាសន៍ថា៖ «កាលពីដើមឆ្នាំនេះ នៅពេលដែលជួបអ្នកសារព័ត៌មាន ខ្ញុំបានផ្តល់ពេលនោះរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ សុំណូមពរឲ្យជួយការពារឲ្យមេធាវីសម្តេចតេជោសែន ជួយការពារអ្នកសារព័ត៌មាន ខ្ញុំក៏ព្រមទទួល ក៏ប៉ុន្តែទទួលតែអ្នកសារព័ត៌មាន ដែលបំពេញការងារដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ....។ ថ្ងៃមុនសសេរតាមនេះមួយជាប់បណ្តឹង២បណ្តឹងណោះ ដើម្បីរួចពីបណ្តឹងអ្នកការសែតនេះ ដើម្បីបានរួចបណ្តឹងសុំចូលគណបក្សប្រជាជន បានខ្ញុំវៃត្រឡប់ទៅវិញ ខ្ញុំថាអត់ទេ អត់មានការដោះដូរគ្នាថា គេប្តឹងហើយមកសុំចូលជាមួយគណបក្សប្រជាជនរួចពីបណ្តឹងនេះ អាសុំចូលជារឿងដោយឡែក រឿងជាប់ក្តីក្តាំងជារឿងដោយឡែកពីគ្នា។
សម្តេចតេជោ បានគូសបញ្ជាក់ថា រឿងក្តីក្តាំមិនអាចយកមកដោះដូរជាមួយការចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ហើយមន្ត្រីគណបក្សប្រជាជនជាច្រើន ក៏បានជាប់ពន្ធនាគារផងដែរ។ សម្តេចបានបន្តថា ចង់ដោះស្រាយក្តីក្តាំ និងវិវាទក្រៅប្រព័ន្ធតុលាការ មិនត្រូវជាប់ពាក់ព័ន្ធផលប្រយោជន៍ ទើបអាចដោះស្រាយចេញ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់ក្រុមមេធាវីស្ម័គ្រសម្តេចតេជោសែនការពារតែអ្នកព័ត៌មានធ្វើត្រូវតាមវិជ្ជាជីវៈ ប៉ុន្តែ មិនត្រូវការពារចំពោះអ្នកសារព័ត៌មានណាដែលជេរប្រទេចអ្នកនោះដទៃនោះទេ៕




