(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កំហុសឆ្គងដ៏ធ្ងន់របស់ក្រុមមេធាវី ដែលបានពហិការដើរចេញពីបន្ទប់សវនាការ ហើយនាំឱ្យការជំនុំជម្រះក្តីត្រូវពន្យារ ខណៈខ្លួនចង់ឱ្យដំណើរការក្តីលឿន។ សម្តេចមិនចុចចំក្រុមមេធាវីដែលពហិការនេះទេ។ តែកន្លងទៅគេធ្លាប់ឃើញ ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា ធ្វើពហិការដើរចេញពីបន្ទប់សវនាការ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់មេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន កុំធ្វើពហិការដើរចេញពីបន្ទប់ពេលកំពុងបើកសវនាការ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាវិមានសន្តិភាព រាជធានីភ្នំពេញ៕




