(ភ្នំពេញ)៖ អ្នកតំណាងរាស្ត្រ ១១៦រូប ដែលបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ បានពិភាក្សា និងអនុម័តដោយគ្មានកែប្រែលើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឬហៅថា ច្បាប់ថវិកាជាតិ ឆ្នាំ២០២១។ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មាន ៦ជំពូក និង ១៥មាត្រា បានកំណត់ពីគម្រោងចំណាយថវិកាជាតិ ចំនួន ៣០ ៤៩១ ៣៣៦លានរៀល ស្មើប្រមាណ ៧៥០០ លានដុល្លារអាម៉េរិក ថយចុះ ១,៩% ធៀបនឹងឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់ ក៏បានលើកឡើងថា រាជរដ្ឋាភិបាល បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២១ ក្នុងកម្រិត ១៥០០ លាន SDR គឺកើនឡើង ១០០ លាន SDR ធៀបនឹងឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលតំណាងរាជរដ្ឋាភិបាល ឡើងការពារសេចក្តីព្រាងច្បាប់នេះ បានជម្រាបជូនអង្គសភាថា ថវិកាជាតិឆ្នាំ២០២១ ត្រូវផ្តល់អាទិភាព ទៅលើវិស័យសំខាន់ៗ មួយចំនួន ពិសេសវិស័យសង្គមកិច្ច និងការអប់រំ ខណៈវិស័យរដ្ឋបាលទូទៅ និងសេដ្ឋកិច្ច ត្រូវបានកាត់បន្ថយ។
សេចក្តីព្រាងច្បាប់ បានកំណត់ថា ក្នុងឆ្នាំ២០២១ ប្រាក់ខែរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ រួមទាំងប្រាក់ខែក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ ឃុំសង្កាត់ និងថ្នាក់ភូមិ ត្រូវរក្សាកម្រិតដដែល ដូចឆ្នាំ២០២០ ដើម្បីសន្សំថវិកា សម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយទឹកជំនន់រដូវវស្សាឆ្នាំ២០២០។
សេចក្តីថ្លែងហេតុ បានកត់សម្គាល់ថា ថវិកាជាតិឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន៕



