(ភ្នំពេញ)៖ តាមសេចក្តីប្រកាស អាជ្ញាបណ្ណចំនួន ៣ របស់ក្រុមហ៊ុន Chuan Wei (Cambodia) ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុបចោលនោះ រួមមាន៖ ១-អាជ្ញាបណ្ណសេវាសំឡេង តាមរយៈពិធីការអ៊ីនធឺណិត ២-អាជ្ញាបណ្ណសេវាទូរស័ព្ទចល័ត 4G និង ៣-អាជ្ញាបណ្ណសេវាបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ។
សេចក្តីប្រកាស បង្ហាញថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរក្សាទុកអាជ្ញាបណ្ណសេវាអ៊ិនធឺណិត ( ISP ) ឲ្យក្រុមហ៊ុន Chuan Wei ( Cambodia ) Co., Ltd បន្តធ្វើអាជីវកម្មដដែល ប្រសិនបើក្រុមហ៊ុន សងបំណុល ដែលជំពាក់រដ្ឋ។
សេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុប និងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណា ដែលគេចវេស មិនអនុវត្តតាមច្បាប់ និងមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ដូចជា មិនមានប្រតិបត្តិការ មិនបានធ្វើស្វ័យប្រកាសបង់ចំណូលត្រឹមត្រូវ មិនផ្តល់ឯកសារហិរញ្ញវត្ថុ និងបច្ចេកទេសគ្រប់គ្រាន់ មិនសងបំណុល ឬមិនបង់ចំណូលចូលរដ្ឋ ជាដើម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវ សូមប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អនុវត្តឲ្យបានពេញលេញតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាបណ្ណ៕




