(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឯកឧត្តម អូស្មាន ហ្សែរ៉ង់ឌី រដ្ឋមន្ត្រីក្រសួងការបរទេស ចំណាកស្រុក និងប្រជាជនទុយនីស៊ី នៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បង្ហាញថា ក្នុងកិច្ចប្រជុំលើកទី៣៧ នេះ លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងបង្ហាញនូវរបាយការណ៍មួយ ស្តីពី ប្រធានបទនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ រដ្ឋបាល និងហិរញ្ញវត្ថុ ដែលត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) កាលពីថ្ងៃទី៤ និងថ្ងៃទី៥ ខែ វិច្ឆិកា កន្លងទៅ។
សេចក្តីប្រកាស បង្ហាញថា រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូទាំងអស់ នឹងពិនិត្យមើលលើយុទ្ធសាស្ត្រសេដ្ឋកិច្ច សម្រាប់អង្គការOIF ដំណើរការនៃការកែទម្រង់ ការអនុវត្តគម្រោង និងសកម្មភាពរបស់ អង្គការ OIF ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាប្រឈម និងបញ្ហាសេដ្ឋកិច្ចសង្គម ដែលអង្គការ OIF និងពិភពលោកកំពុងជួបប្រទះ ជាពិសេសក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ អង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នឹងកំណត់កាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំលើកក្រោយរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៨ នៅប្រទេសទុយនីស៊ី។
សេចក្តីប្រកាស បន្តថា ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាបិតាស្ថាបនិក ១ រូប នៃចលនាហ្វ្រង់កូហ្វូន និងជាមេដឹកនាំលេចធ្លោជាងគេនៃចលនានេះនៅអាស៊ី។
បច្ចុប្បន្ន អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានរដ្ឋ និងរដ្ឋាភិបាលសមាជិក ចំនួន ៨៨ (សមាជិកពេញសិទ្ធិ ចំនួន ៥៤ សមាជិកមិនពេញសិទ្ធិ ចំនួន ៧ និងសមាជិកសង្កេតការណ៍ ចំនួន ២៧)៕




