(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះរូប នៅព្រឹកថ្ងៃចន្ទនេះ ក្នុងសកម្មភាពការងារជាធម្មតា បន្ទាប់ពីការធ្វើចត្តាឡីស័ក និងមិនមានឆ្លងជំងឺកូវីដនោះទេ។
ជាមួយនឹងរូបថតការងារ ឯកឧត្តម វេង សាខុន បានសរសេរថា៖ «ចប់កម្មវិធីនៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២ដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ និងសហការីបានបន្តដំណើរមកពិនិត្យមើលរកទីតាំងថ្មីដែលត្រូវបង្កើតមជ្ឈមណ្ឌលផលិតពូជស្រូវ និងសកម្មភាពប្រមូលផលស្រូវរដូវរស្សានៅឃុំពង្រ ស្រុកចុងកាល់»។
តាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ខេត្តនេះមានសំណាងល្អជាងខេត្តដទៃទៀតដែលមិនបានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដំណាំស្រូវ។ នៅរដូវរស្សាកន្លងមកខេត្តសម្រេចដាំដុះស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់បានចំនួន ៩ ៥៧៨៦ហ.ត ហើយបច្ចុប្បន្នកំពុងមមាញឹកប្រមូលផលស្រូវជាបណ្តើរៗសរុបបានចំនួន ៤ ១៤៨០ហ.ត គិតមកទល់ថ្ងៃទី១៧ ខែវិច្ឆិកា ហើយអ្វីដែលប្រជាកសិករកំពុងប្រឈមគឺប្រមូលផលមិនទាន់ ដោយសារខ្វះម៉ាស៊ីនច្រូត។
ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលបានសម្រេច លើការងារបង្កបង្កើនផលតាមផែនការគ្រោងទុក។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រមូលផលស្រូវឲ្យបានទាន់ពេលវេលា ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល៕




