(ភ្នំពេញ)៖ នាវេលាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សព្វព្រះហឫទ័យយាងក្នុងព្រះពិធីឧទ្ទិសថ្វាយមហាព្រះកុសល ថ្វាយសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ក្នុងឱកាសខួបគម្រប់ខួប ១ឆ្នាំ នៃការយាងសោយព្រះពិរាល័យ នាវត្តលង្កាកុសមារាម ដោយមានការយាង និងអញ្ជើញចូលរួមដោយព្រះរាជវង្សានុវង្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃរបាំព្រះរាជទ្រព្យជាច្រើនរូបផងដែរ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផា ទេវី បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៧ព្រះវស្សា នាវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យប្រទេសថៃ ដោយជរាពាធ។
សម្តេចបុប្ផាទេវី គឺជាព្រះរៀមរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះអង្គទាំងទ្វេជាបុត្ររបស់អ្នកម្នាង ផាត់ កាញ៉ុល និង អតីតព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។ សម្តេច ទ្រង់រៀបអភិសេក នៅព្រះជន្ម ១៥ព្រះវស្សា និងមានបុត្រ៥អង្គ។
សម្តេចបានប្រសូតនៅឆ្នាំ១៩៤៣ ហើយទ្រង់បានរៀនរបាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំង តាំងពីព្រះជន្ម ៥ព្រះវស្សាមកម្ល៉េះ៕




