(ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ម៉ាស់ជាអំណោយរបស់វិទ្យាស្ថានកូរ៉េនៃការជម្រុញបច្ចេកវិទ្យា (KIAT) ជូនដល់បណ្តាសហគ្រាសកំពុងសហការអនុវត្តន៍គម្រោងសហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា។
ឯកឧត្តម សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅ និងជានាយកខុទ្ទកាល័យនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ តាងនាមឲ្យអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផងដែរនេះ បានបញ្ជាក់ថា វិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា (KIAT) បានផ្តល់ការឧបត្ថម្ភជាម៉ាសប្រភេទ KF-80 ចំនួន៨៤ កេស ស្មើនឹង៤ម៉ឺនម៉ាស តាមរយៈវិទ្យាស្ថានស្រាវជ្រាវស្បៀងអាហារកូរ៉េ មកជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីធ្វើការប្រើប្រាស់ និងចែកចាយដល់បណ្តាសហគ្រាសចំនួន១៦ សហគ្រាស។
ក្នុងនោះសហគ្រាសដែលកំពុងសហការអនុវត្តគម្រោងសហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា មានចំនួន១១ សហគ្រាស និងសហគ្រាសដែលមានការពាក់ព័ន្ធដល់គម្រោង SME មានចំនួន ០៥សហគ្រាស ដោយក្នុងមួយសហគ្រាសទទួលបាន ១ពាន់ម៉ាស់។ ក្រៅពីនេះ ចំនួនម៉ាស់ដែលនៅសល់នឹងត្រូវរក្សាទុក សម្រាប់ប្រើប្រាស់ និងចែកជូនបណ្តាអង្គភាពក្រោមឱវាទ តាមតម្រូវការចាំបាច់ជាក់ស្តែង។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់ វិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា (KIAT) និងវិទ្យាស្ថានស្រាវជ្រាវស្បៀងអាហារកូរ៉េ ដែលបានធ្វើអំណោយជាម៉ាស់ ដែលមានគុណភាពស្របតាមស្តង់ដារជូនក្រសួងសម្រាប់ប្រើប្រាស់ និងចែកជូនបន្តទៅដល់បណ្តាសហគ្រាសមួយចំនួនដែលមានការពាក់ព័ន្ធគម្រាង SME នៅកម្ពុជា ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងទទួលរងគ្រោះដោយមេរោគឆ្លងCovid-19។
ឯកឧត្តមបានបន្តថា ទោះបីការចែកជូនម៉ាសនេះមានចំនួនតិចតួចក៏ដោយ ក៏ប៉ុន្តែជាការដាស់តឿនស្មារតី ជាពិសេសដល់បណ្តាសហគ្រាសផលិតចំណីអាហារទាំងឡាយ ដែលមានថ្នាក់ដឹកនាំ កំលាំងពលកម្ម និងបុគ្គលិកធ្វើការនៅក្នុងនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទាំងសុខភាពផ្ទាល់ខ្លួន សុវត្ថិភាពចំណីអាហារ និងសុខភាពអតិថិជនរបស់ខ្លួន។ ពីព្រោះថា៖ការប្រើប្រាស់ម៉ាស់ ដែលមិនស្របតាមកំរិតស្តង់ដារ វានឹងអាចឆ្លងពីមនុស្សទៅមនុស្ស ពីមនុស្សទៅចំណីអាហារ របស់ប្រើប្រាស់ នឹងអាចឈានឆ្លងដល់អតិថិជនរបស់ខ្លួនទៀតផង។ និងគួរស្វែងយល់ផងដែរថា ម៉ាសប្រភេទ KF-80 ថ្វីត្បិតតែជាម៉ាស ដែលមានស្តង់ដារការពារមេរោគកំរិតខ្ពស់យ៉ាងណាក៏ដោយ តែបើយើងជាអ្នកប្រើប្រាស់មិនអនុវត្តរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ យើងនឹងអាចទទួលហានិភ័យផងដែរ។ គឺម៉ាសពាក់ម្តងហើយត្រូវបោះចោលក្នុងធុងសម្រាម ជាដើម មិនអាចយកមកប្រើម្តងទៀត ឬ ទុកពាសវាលពាសកាលបានទេ ពីព្រោះបើម៉ាសនោះ មានចម្លងមេរោគនៅពីស្រទាប់ខាងក្រៅ នឹងអាចឆ្លងទៅខ្លួនយើង ឬ ទៅអ្នកដ៏ទៃបាន។
ជាចុងក្រោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា មេរោគកូវីដ-១៩ មិនទាន់ផុតរលត់ពីពិភពលោកយើងទេ សូមមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះបច្ចុប្បន្នកម្ពុជាកំពុងឈរក្នុងលំដាប់លេខ១ នៅអាស៊ី ដែលចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បានល្អប្រសើរ ដោយសារប្រមុខរាជរដ្ឋាភិបាលការយើងមានការដឹកនាំដ៏វៀងវៃ ទប់ស្កាត់បានទាំងភាពចលាចល រក្សាស្ថិរភាពទំនិញ មានស្តុកយុទ្ធសាស្ត្រស្បៀង ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងការពារបាននូវការបាត់បង់ជីវិតមនុស្សទៀតផង៕




