(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានបញ្ឈប់តំណែងមន្ត្រីដែលទទួលខុសត្រូវលើការដឹកនាំការការពារសន្ដិសុខនៃការបោះឆ្នោត គឺលោក Christopher Krebs ដែលជានាយកទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (CISA) ដោយសារតែសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់លោក Krebs ពាក់ព័ន្ធទៅនឹងសន្តិសុខ អំឡុងពេលនៃការបោះឆ្នោត ដោយលោកថាបោះឆ្នោតឆ្នាំនេះមិនមានការលួចបន្លំសន្លឹកឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានបង្ហោះអំពីការបញ្ឈប់តំណែងនៅលើ Twitter ព្រមទាំងបន្ថែមថាសេចក្តីថ្លែងការណ៍ដែលចេញដោយ Chris Krebs ស្តីពីសន្តិសុខនៃការបោះឆ្នោតឆ្នាំ ២០២០ គឺមិនត្រឹមត្រូវទេ ដោយលោក ដូណាល់ ត្រាំ យល់ថាការបោះឆ្នោតនៅអាណត្តិនេះ មានការក្លែងបន្លំធ្ងន់ធ្ងរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា លោក Krebs ទទួលបន្ទុកការពារការបោះឆ្នោតពីក្រុម Hackersប៉ុន្តែបានធ្វើឲ្យលោក ត្រាំ មានការខឹងសម្បារយ៉ាងខ្លាំង ជុំវិញកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។ លោក Krebs ក៏ធ្លាប់បានប្រាប់មិត្តរួមការងារថា លោកនឹងត្រូវបណ្តេញចេញក្នុងពេលឆាប់ៗ។ លោក Krebs បានឆ្លើយតបទៅនឹងការបញ្ឈប់ពីតំណែងនេះនៅលើ Twitter ថា៖ «ជាកិត្តិយសដែលបានបម្រើការងារ។ យើងធ្វើវាបានត្រឹមត្រូវ។ ការពារថ្ងៃនេះដើម្បីសុវត្ថិភាពថ្ងៃស្អែក»៕


