(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថា ច្បាប់ទាំងអស់នឹងត្រូវបានប្រើប្រឆាំងនឹងក្រុមបាតុករដែលបំពាននឹងច្បាប់ ខណៈដែលការតវ៉ាកាន់តែអាក្រក់ទៅៗ ជុំវិញការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងការធ្វើកំណែទម្រង់លើអំណាចព្រះមហាក្សត្រថៃ Maha Vajiralongkorn ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយនឹងការអះអាងបែបនេះក្រុមសកម្មជនបានសម្តែងការព្រួយបារម្ភថា ថៃនឹងប្រើឡើងវិញនូវច្បាប់ដ៏តឹងរឹងរបស់ខ្លួន ដែលអាចឈានដល់ការជាប់ពន្ធនាគារ ១៥ឆ្នាំ សម្រាប់អ្នកដែលបំពានលើព្រះមហាក្សត្រ។
ការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រីថៃកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកតវ៉ារាប់ពាន់នាក់បានបាញ់ថ្នាំពណ៌នៅទីស្នាក់ការប៉ូលីសថៃ នៅក្នុងអ្វីដែលពួកគេបាននិយាយថា ជាការឆ្លើយតបទៅនឹងការប្រើប្រាស់កាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលីស មកលើក្រុមបាតុករកាលពីថ្ងៃអង្គារ ដែលជាថ្ងៃនៃការតវ៉ាដ៏ធំបំផុតចាប់តាំងពីខែកក្កដា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក ប្រាយុទ្ធ បាននិយាយថា «ស្ថានភាពនេះមិនមានភាពប្រសើរទេ។ មានហានិភ័យនៃការកើនឡើងដល់អំពើហឹង្សាកាន់តែច្រើន។ បើមិនដោះស្រាយវាអាចបំផ្លាញប្រទេស និងរាជានិយមជាទីស្រលាញ់របស់យើង»។ «រដ្ឋាភិបាលនឹងពង្រឹងសកម្មភាពរបស់ខ្លួននិងប្រើប្រាស់ច្បាប់គ្រប់មាត្រាទាំងអស់ដើម្បីចាត់វិធានការប្រឆាំងនឹងក្រុមបាតុករដែលបានរំលោភច្បាប់នេះ»៕




