(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា ស្ត្រីជនជាតិខ្មែរ អាយុ ៤៩ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានកត់សមញគាល់ថា អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២៤នាក់។ ក្នុងនោះ អ្នកដំណើរចំនួន ១២៣នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅអនុវិទ្យាល័យបុរី ១០០ខ្នង ចំនួន ១៨នាក់ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួនម្នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញ ៣នាក់ សណ្ឋាគារមួយផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ចំនួន ៦នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញ ៩៤នាក់ និងស្ថានទូតជប៉ុន ចំនួនម្នាក់។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ សរុបចំនួន ៣០៤នាក់។ ក្នុងនោះ ២៩១នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ១២នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ និងម្នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ )៕




