(កូរ៉េ)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការគាំពារសហគមន៍ខ្មែរដែលកំពុងរស់នៅទីក្រុងសុងណាំ រវាងស្ថានទូត និងមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសុងណាំ ដើម្បីឈានទៅរកកិច្ចសហការដំបូងលើគម្រោងចែករំលែកវិជ្ជាមេផ្ទះដល់បងប្អូនស្រ្តីៗខ្មែរ និងការបង្រៀនភាសា ព្រមទាំងវប្បធម៌ខ្មែរដល់កុមារតូចៗជាកូនខ្មែរកាត់កូរ៉េ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ កំពុងស្នាក់នៅ/ធ្វើការ/សិក្សា នៅសាធារណរដ្ឋកូរ៉េ។ សម្តេចបានមានប្រសាសន៍ថា កម្ពុជា និងកូរ៉េ បានក្លាយទៅជាប្រទេសដន្លងទៅហើយ ដែលមានស្រ្ដី និងបុរស ប៉ុន្មានជាង ៨ពាន់នាក់ ដែលមានគ្រួសារជាជនជាតិកូរ៉េ។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការពិភាក្សាជាមួយមេដឹកនាំកូរ៉េ ក្នុងការរកវិធីយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហាកូនៗចៅៗ ដែលជាកូនកាត់(ខ្មែរកូរ៉េ) ឲ្យគេបានចេះភាសាខ្មែរផង ហើយចេះភាសាកូរ៉េផង។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើនិយាយពីចំនួនពលរដ្ឋខ្មែរដែលមករស់នៅកូរ៉េ តាមស្ថិតិនេះ គឺរហូតមកដល់ពេលនេះ គឺយើងមានចំនួន ៦៥.៥០០នាក់ ដោយក្នុងនោះគឺនិស្សិត និងសិក្ខាកាមយោធា កំពុងសិក្សា ៤៥០នាក់ ខាងអន្តោប្រវេសន៍កូរ៉េទើបនឹងឲ្យពលករកម្ពុជាមាន ៣៨.០០៦នាក់ ប៉ុន្តែ បើយោងលើការជាក់ស្ដែង គិតទាំងអ្នកមិនស្របច្បាប់ផង គិតទាំងអ្នកមានប្ដី/ប្រពន្ធជាកូរ៉េផង មាន ៦៥.៥០០នាក់៕




