(ភ្នំពេញ)៖ កម្មករ កម្មការិនីសំណង់ជាង៥០០នាក់ នៅបុរីវិមានភ្នំពេញ គម្រោងទី១១ ស្ថិតផ្លូវជាតិលេខ៦អា ស្ពានទី៤ ភូមិបាក់ខែង សង្កាតព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានទទួលម៉ាស ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ បានផ្តល់ម៉ាសចំនួន ២០ម៉ឺនម៉ាស ដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីចែកបន្តដល់បុគ្គលិក និងកម្មករ កម្មការនី ក្នុងវិស័យសំណង់ជាច្រើនពាន់នាក់ ដែលពិធីចែកម៉ាសនេះ ធ្វើឡើង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានរបស់លោក ឃន សុជាតិ នាយករងរដ្ឋបាលសាលាខណ្ឌជ្រោយចង្វា លោក មឿង រដ្ឋា នាយកប្រតិបត្តិបុរីវិមានភ្នំពេញ និងមានវត្តមានលោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាជំនួយការផ្ទាល់ លោកឧកញ៉ា លី ហួរ។ ខណៈពេលនោះនលោក ឃន សុជាតិ នាយករងរដ្ឋបាលដំណាងអោយឯកឧត្តម ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វា បានមានប្រសាសថា ថ្ងៃនេះក្រោមការចង្អុលបង្ហាញរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បន្តចែកម៉ាសជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករកម្មការនីក្នុងវិស័យសំណង់ ដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពក្នុងការទិញម៉ាស យកមកប្រើប្រាស់ ដើម្បីការពារទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩។
លោកបន្តថា នេះជាការគិតគូររបស់សម្តេចតេជោ នាយករដ្ឋមន្រី្ត ដែលតែងយកចិត្តទុកដាក់ជុំវិញទុកលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសគឺសុខមាលភាពសាធារណៈជូនប្រជាពលរដ្ឋ។ ចំពោះបញ្ហាកម្មករ-កម្មការិនីក្នុងវិស័យសំណង់គឺជាកម្មករក្រៅប្រព័ន្ធ ដែលជាមុខសញ្ញាមួយដែលត្រូវតែយកចិត្តទុកដាក់ក្នុងការចែកជូនម៉ាសដល់ពួកគាត់ដើម្បីការពារសុវត្ថិភាពឆ្លងជំងឺកូវីដ១៩។
អាជ្ញាធរ និងសហការជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងបន្តចែកម៉ាស ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា ដល់កម្មករ កម្មការិនីសំណង់នៅទីតាំងផ្សេងៗទៀត ប្រហែលជិត១០ម៉ឺននាក់។ លោកក៍បានលើកបន្ថែមថានៅពេលបងប្អូនកម្មករ កម្មការិនី ដែលទទួលបានម៉ាសនេះហើយ សូមពាក់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីថែទាំសុខភាព តាមគោលបំណងរបស់សម្តេចតេជោចង់បាន។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៅរសៀលថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាស ក្រណាត់ចំនួន០២លានម៉ាស ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលគ្មានលទ្ធភាពទិញម៉ាស ដើម្បីពាក់ការពារជំងឺកូវីដ១៩៕




