(អន្តរជាតិ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនូវករណីឆ្លងCOVID-19នៅក្នុងប្រទេសជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធាន WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «ឥឡូវនេះយើងមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនឡើងនូវករណី ដែលយើងមើលឃើញនៅក្នុងប្រទេសមួយចំនួន»។ លោកបានបន្ថែមថា ប្រទេសដែលមិនយកចិត្តទុកដាក់ជាមួយជំងឺនេះគឺដូចជាកំពុងប្រលែងជាមួយភ្លើង ព្រោះថាយើងនៅប្រឈមជាមួយការស្លាប់ និងផលប៉ះពាល់រយៈពេលវែងជាច្រើនទៀត។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ខណៈពិភពលោកមានក្ដីសង្ឃឹមយ៉ាងខ្លាំង ចំពោះការយកឈ្នះជំងឺឆ្លងរាតត្បាតសកល (COVID-19) ដែលបានឆ្លងរីករាលដាល នៅពាសពេញពិភពលោកនេះ បន្ទាប់បេក្ខភាពទីពីរនៃវ៉ាក់សាំង COVID-19 ត្រូវបានរកឃើញថាមានប្រសិទ្ធភាពជិត ៩៥%។
ប្រធាន WHO បានបន្ថែមថា អង្គការសុខភាពពិភពលោកនិងដៃគូរបស់ខ្លួន កំពុងធ្វើការជាមួយរដ្ឋាភិបាល និងថ្នាក់ដឹកនាំសុខភាព ដើម្បីធានាបាននូវការធានារ៉ាប់រងសម្រាប់បុគ្គលិកសុខាភិបាល និងសម្រាប់សេវាសុខភាពចាំបាច់ ដើម្បីបន្តធ្វើការដោយសុវត្ថិភាព និងមានម៉ាស់ ស្រោមដៃ និងឧបករណ៍ការពារផ្សេងទៀតគ្រប់គ្រាន់។ លោកបានព្រមានថា ភាពព្រងើយចំពោះវីរុសនេះ ដោយមិនប្រើឧបករណ៍ការពារគ្រប់គ្រាន់ អាចបណ្តាលឱ្យមានការស្លាប់ ការរងទុក្ខ និងធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងសេដ្ឋកិច្ច ហើយលោកក៏បានស្នើឱ្យរដ្ឋាភិបាលដាក់ការរឹតបន្តឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាតត្បាតនេះ៕



