(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅដើមសប្តាហ៍នេះបានផ្សព្វផ្សាយព័ត៌មានពីប្រទេសកូរ៉េខាងត្បូងរកឃើញករណីកូវីដ១៩ លើសពី២០០ករណីជាប់ៗគ្នា និងអាចពី៣០០ ទៅ៤០០ ករណីក្នុងមួយថ្ងៃ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អាជ្ញាធរសុខាភិបាលកូរ៉េបានព្រមានកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងអាចប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ រលកថ្មីមួយទៀតក្នុងរយៈពេលមួយខែខាងមុខ ដោយសារការឆ្លងជាចង្កោមហាក់មិនមានសញ្ញានៃការថយចុះ ហើយការជួបជុំនាឱកាសពិធីបុណ្យនានាចុងឆ្នាំ អាចបង្កឱ្យមានការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩នេះ។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (KCDA) បាននិយាយថាបើតាមការព្យាករណ៍របស់អ្នកជំនាញ គេរំពឹងថាចំនួនករណីឆ្លងថ្មីនឹងកើនដល់ពី ៣០០ ទៅ៤០០ករណី ក្នុងអំឡុងពេលនៃរដូវរងា និងរដូវផ្តាសាយខាងមុខ អាចក្នុងពីពីរទៅបួនសប្តាហ៍ខាងមុខ ដោយសារកម្មវិធីនានាចុងឆ្នាំ និងការប្រឡងចូលមហាវិទ្យាល័យទូទាំងប្រទេសដែលគ្រោងធ្វើនៅដើមខែធ្នូខាងមុខផងដែរ។
ជាការកត់សម្គាល់ ករណីឆ្លងថ្មីលើសពី២០០ ករណីតាំងពីថ្ងៃសៅរ៍មកនោះ ជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៧៣ ថ្ងៃចុងក្រោយ ខណៈដែលការកើនឡើងករណីឆ្លងកូវីដ-១៩ថ្មីលើសពី ១០០ ករណីនេះមានរយៈពេល ៩ ថ្ងៃជាប់ៗគ្នាហើយ។
អាជ្ញាធរសុខាភិបាលលើកឡើងថា ការកើនឡើងគំហុកនេះ គឺដោយសារតែការឆ្លងជាសហគមន៍ចេញពីការជួបជុំគ្នាលក្ខណៈឯកជន និងនៅតាមទីសាធារណៈនានាទូទាំងប្រទេស ដែលនាំឱ្យមានការពិបាកក្នុងការតាមដានប្រភពឆ្លង ដើម្បីធ្វើចត្តាឡីស័កជាដើម។ ក្នុងនោះដែរ អាជ្ញាធរសុខាភិបាលបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលពិចារណាលើការបង្កើនការរឹតបន្តឹងវិធានការគម្លាតសង្គមពីកំរិត ១ ដល់កំរិត ១.៥ ដែលគួរតែចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាមួយនឹងការពិចារណាក្នុងការតម្លើងវិធានការគម្លាតសង្គមទូទាំងប្រទេសទៅកម្រិត ១.៥ វិញនោះ គេសង្កេតឃើញថា តំបន់មួយចំនួនបានធ្វើការតម្លើងវិធានការគម្លាតសង្គមរបស់ខ្លួនទៅកម្រិត ១.៥ រួចទៅហើយ រួមមានទីក្រុងឆូណាន (Cheonan) អាសាន (Asan) ទីក្រុងវ៉ុនជូ (Wonju) ទីក្រុងស៊ុនឆុន (Suncheon) ទីក្រុងខ្វាងយ៉ាង (Gwangyang) និងយ៉ូស៊ូ (Yeosu)។ ក្នុងនោះដែរ ក្រសួងការពារជាតិកូរ៉េបាននិយាយថា ក្រសួងនឹងធ្វើការតម្លើងវិធានការគម្លាតសង្គមកម្រិត ១.៥ សម្រាប់អង្គភាពយោធានៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល និងខេត្តហ្គាងវ៉ុនភាគខាងកើត (Gangwon) រយៈពេល ២ សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃអង្គារនេះទៅ៕




