(ភ្នំពេញ)៖ បក្ខពួករបស់ទណ្ឌិត សម រង្ស៉ី ដែលពាក់ព័ន្ធរឿងរួមគំនិតក្បត់ជាតិ ចំនួន៦៨នាក់បន្ថែមទៀត ត្រូវបានតុលាកាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅចូលសវនាការ។
យោងតាមដីការដែលសមត្ថកិច្ចបានយកទៅបិទនៅមុខ អតីតស្នាក់ការគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ បានកំណត់ឲ្យអ្នកទាំងអស់ដែលរួមគំនិតក្បត់ជាតិ មានឈ្មោះក្នុងដីកា ត្រូវចូលរួមក្នុងសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ដើម្បីជំនុំជម្រះទោសលើសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៩។
គួររំលឹកថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចយកដីកាទៅបិទនៅអតីតស្នាក់គណបក្សសង្គ្រោះជាតិ ដោយក្នុងដីការបានបញ្ជាក់ថា៖ យើង សេង ហៀង ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឃើញដីការសម្រេចបញ្ចូនរឿងទៅជំនុំជម្រះ លេខ៥៦៥៧«ម» ដ.ដ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ឈ្មោះ សម រង្ស៊ី ពីបទ«រួមគំនិតត្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុង និងផ្ទន្ទាទោសតាមបញ្ញាត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥នសក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕




