(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៣០០ សំណាក ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិនិត្យធ្វើតេស្ត ចំនួន ១១៩៥ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ ចំណែកវត្ថុសំណាកវិភាគ ចំនួន ១០៥ ដែលនៅសល់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តពិនិត្យ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្តទៀត។
ក្រសួងសុខាភិបាល បានប្រកាសថា គិតពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ត ដែលបានធ្វើវិភាគ មាន ៣៧៦២ វត្ថុសំណាក ( ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១១៩៥សំណាក ) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០៤នាក់ ( បានរាយការណ៍ជូនសាធារណជនរួចហើយ ) ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមរម្លឹកថា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ដែលជាថ្ងៃរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នឹងត្រូវធ្វើតេស្ត លើកទី៤ ជាលើកចុងក្រោយ ដើម្បីរកមេរោគកូវីដ១៩ បន្ទាប់ពីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០៕





