(ភ្នំពេញ)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ខ្មែរយើងពិតមែនតែក្រ ក៏ប៉ុន្តែចិត្តមិនក្រទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពេលសម្តេច បានស្ម័គ្រចិត្តបរិច្ចាគម៉ាស ២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសឡាវ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្នុងសារជាសំឡេង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្មែរយើង ពិតមែនតែក្រ ក៏ប៉ុន្តែចិត្ត វាមិនក្រទេ។ ខ្លះគេអោយយើងត្រឹមតែ ២០ម៉ឺនម៉ាស ៣០ម៉ឺនម៉ាស! ឥឡូវយើងហ៊ានទៅឲ្យឡាវ ដល់ទៅ ២លានម៉ាស។ អាហ្នឹង យើងធ្វើទៅតាមអ្វីដែលជាសមានចិត្តរបស់យើង ចំពោះឡាវ។ អ្វីនេះ ដែលជាកិច្ចការមួយដ៏សំខាន់ សម្រាប់តួនាទីយើងដែរ កុំឲ្យមានអ្នកដទៃថា ដូចជា នាយករដ្ឋមន្ត្រីរបស់សាំងហ្គាពួ! ឃើញយើងលិចទឹក ហើយប្រាប់ទូតយើងថា នឹងត្រៀមជួយ ក្នុងករណី មានការស្នើសុំ! អាំនេះ អត់សុំទេវ៉ើយ! ហើយឡាវក៏មិនបានសុំដែរ ខ្ញុំម្ចាស់ការឲ្យតែម្តង។ អីចឹង សុំចាត់ចែងភ្លាម!»។
សូមរម្លឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ម៉ាស ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនឡាវ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ម៉ាស និងសម្ភារៈពេទ្យទាំងអស់នេះ នឹងត្រូវដឹកជញ្ជូនពីភ្នំពេញ តាមយន្តហោះពិសេស ទៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃចន្ទ ទី១៦វិច្ឆិកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងលិខិត ជូននាយករដ្ឋមន្ត្រីឡាវ ដែលបានទូរស័ព្ទមកសួរសុខទុក្ខសម្តេចថា «ផ្អែកលើកិច្ចសន្ទនាតាមទូរស័ព្ទ និងតាមរយៈការរួមដៃគ្នា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ តាងនាមរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើ ទៅទីក្រុងវៀងចន្ទន៍ នៅព្រឹកថ្ងៃចន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ស.ប.ប. ឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»៕




