(ភ្នំពេញ)៖ ក្នុងលិខិតជូននាយករដ្ឋមន្ត្រីឡាវ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ម៉ាស ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដែលសម្តេចបរិច្ចាគជូននាយករដ្ឋមន្ត្រីឡាវ នឹងត្រូវដឹកតាមយន្តហោះពិសេស ទៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃចន្ទ ទី១៦វិច្ឆិកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងលិខិតថា «ផ្អែកលើកិច្ចសន្ទនាតាមទូរស័ព្ទ និងតាមរយៈការរួមដៃគ្នា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ តាងនាមរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើ ទៅទីក្រុងវៀងចន្ទន៍ នៅព្រឹកថ្ងៃចន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ស.ប.ប. ឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។




