(ភ្នំពេញ)៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ សាលារាជធានីភ្នំពេញ បានប្រកាសជ្រើសរើសកម្មករប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ជាច្រើននាក់។ លក្ខខណ្ឌជ្រើសរើស ជាមនុស្សប្រុស អាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានកាយសម្បទាមាំមួន អាចបំពេញការងារគ្រប់ស្ថានភាព នៃការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅភ្នំពេញ ព្រមទាំងឧស្សាហ៍ព្យាយាម និងស្មោះត្រង់។
ចំណែកនៅតាមខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ក៏បានប្រកាសជ្រើសរើសកម្មករប្រមូល និងដឹកជញ្ជូនសំរាម ផងដែរ។ ក្នុងនោះ នៅខណ្ឌមានជ័យ ប្រកាសជ្រើសរើសមនុស្សប្រុស ៤៥នាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងដំណាក់កាលអន្តរកាលនេះ។
បន្ទាប់ពីពិធីសម្ពោធទីចាត់ការសាលាបឋមសិក្សា សន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា «ម្សិលមិញនេះ យើងបានប្រកាសរើសកម្មករប្រមូល និងដឹកជញ្ជូនសំរាម តាមបណ្តាខណ្ឌ។ ប្រកាសនេះ នឹងផ្តល់ប្រាក់ឧបត្ថម្ភជូនគាត់ ក្នុង ១ថ្ងៃ ៤ម៉ឺនរៀល។ ទាំងតៃកុងឡាន ក៏ ៤ម៉ឺនរៀល និងទាំងកម្មករប្រមូលសំរាម ក៏ ៤ម៉ឺនរៀល ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើកិច្ចការងារនេះ ដោយមានឡាន ៧០ ឡាន តែក៏នៅតែមិនគ្រប់គ្រាន់។ ដូច្នេះទេ សូមអធ្យាស្រ័យ...»។
សូមរម្លឹកថា ចាប់តាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បុគ្គលិកកម្មករក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី បានធ្វើកូដកម្ម មិនធ្វើការ ដោយទាមទារលក្ខខណ្ឌមួយចំនួន ដូចជាបើកប្រាក់អតីតភាពការងារ ជាដើម។ តែមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ការចរចាមិនត្រូវគ្នា។
ដើម្បីដោះស្រាយវិបត្តិសំរាមនេះ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តដឹកសំរាម ដែលទើបទិញថ្មី ចំនួន ៧០ គ្រឿង រួមជាមួយរឺម៉ក់ប្រមូលសំរាម រាប់សិបគ្រឿង ដើម្បីប្រមូល និងដឹកជញ្ជូនសំរាម នៅតាមមូលដ្ឋានខណ្ឌ ទាំង ១៤ នៅរាជធានីភ្នំពេញ ដែលកំពុងកកស្ទះ។ តែនៅតែមិនទាន់អាចដោះស្រាយបានលើបញ្ហាសំរាមនៅឡើយទេ៕





