(ភ្នំពេញ)៖ ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិកាក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈ កម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរ ក្រសួងដើម្បីពិនិត្យមើលរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីពិសេស និងលេខពិសេសផ្ទាល់ ខ្លួនសម្រាប់រថយន្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុ ប្រធាន និងសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង។
សូមជម្រាបជូនថា៖ ដើម្បីធានាឱ្យចរន្តនៃការគ្រប់គ្រងការលក់លេខ ការផ្សព្វផ្សាយ និងការផ្ដល់ជំនួយ បច្ចេកទេសកាន់តែមានភាពប្រសើរឡើង និងធានាបាននូវនិរន្តរភាព អនុគណៈកម្មការចំនួនពីរនៃគណៈ កម្មការគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ត្រូវបានបង្កើតឡើងដែលក្នុងនោះរួមមាន៖ អនុគណៈ កម្មការកំណត់ថ្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេក ទេស។
បន្ថែមពីលើនេះ ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលក្រសួងបានបង្កើតឡើង បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើកំណែទម្រង់ការផ្ដល់សេវាសាធារណៈ និងជួយសម្រួលការងារមួយផ្នែកធំដល់ថ្នាក់ដឹកនាំ និងមន្ត្រីផ្ដល់សេវា ជាពិសេសការងារគ្រប់គ្រងតាមដានមន្ត្រីផ្ដល់សេវា ការងារគ្រប់គ្រងទិន្នន័យយានយន្ត និងការងារផ្លាស់ប្ដូរទិន្នន័យជាមួយស្ថាប័នពាក់ព័ន្ធផងដែរ។
យោងតាមរបាយការណ៍របស់អនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេសឲ្យដឹងថា៖ ប្រព័ន្ធ លក់លេខពិសេសត្រូវបានធ្វើបច្ចុប្បន្នភាពមុខងារប្រព័ន្ធឱ្យសមស្របតាមរូបមន្ត កែសម្រួលតារាងតម្លៃ និងបញ្ចូលលេខកូដសេវាសាធារណៈ ធ្វើតេស្ត និងដាក់ឲ្យដំណើរការយ៉ាងរលូន។
ដោយឡែកយោងតាមរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីពិសេស និងលេខពិសេសផ្ទាល់ ខ្លួនសម្រាប់រថយន្តនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថា៖ ចំនួននៃការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនគិតក្នុងខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ ២០២០ មិនមានការថយចុះទេទោះបីកម្ពុជាស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ-១៩ក៏ដោយ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះ សមិទ្ធផលសម្រេចបានដ៏ធំធេងរបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដែលអាចរកចំណូលជូនរដ្ឋបានប្រមាណជាង៤៥លានដុល្លារអាមេរិកគិតរហូតមកទល់ពេលនេះ តាម រយៈការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនសម្រាប់យានយន្ត។
ជាមួយគ្នានោះ លោកជំទាវរដ្ឋលេខាធិការ បានឱ្យដឹងផងដែរថា៖ ក្រុមការងារអន្តរក្រសួងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើក្នុងនោះមាន៖ ការងារផ្សព្វផ្សាយ ការងារទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនធំៗដែលមានបំណងចង់ទិញផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ដែលនេះសុទ្ធតែជា សក្កានុពលអាចជួយបង្កើនចំណូលរដ្ឋបាន។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះ សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងក្រុមការងារនៃអនុគណៈកម្មការទាំងពីរ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកដោយការយកចិត្តទុកដាក់ និង ការ ទទួលខុសត្រូវខ្ពស់៕




