(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភា ឯកឧត្តម ណយ ស្រូន បានសុំខន្តីអភ័យទោសនូវរាល់កំហុសខុសឆ្គង ទោះចេតនាក្តី ឬអចេតនាក្តីពីថ្នាក់ដឹកនាំ និងដែលបានធ្វើឲ្យថ្នាក់ដឹកនាំ មានការលំបាកដោយសារខ្លួន។ ព្រមជាមួយគ្នានេះ ឯកឧត្តម ណយ ស្រូន ក៏បានគោរពទទួលយកការអប់រំណែនាំទាំងអស់របស់សម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តមអនុប្រធានទាំងពីរព្រឹទ្ធសភា ដោយបានធ្វើលិខិតបញ្ជាក់ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឈប់ពាក់ព័ន្ធជាមួយដីទំហំ ៥៣១ ហិកតានេះទៀតហើយ។
ការលើកឡើងខាងលើនេះ ត្រូវបានអ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្នុងសេចក្តីបំភ្លឺ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យព្រឹទ្ធសភា បង្ហាញថា អនុវត្តតាមចំណាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅលើលិខិតលេខ៖ ១៦៥៣ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពី ការពាក់ព័ន្ធជាមួយឯកឧត្តម ណយ ស្រូន ក្នុងការរៀបចំឯកសារកាន់កាប់ដីទំហំ ៥៣១ហិកតា នៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យបន្តថា សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានជួបប្រជុំជាមួយឯកឧត្តម ណយ ស្រូន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ថា «ក្រោមមតិណែនាំរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ឯកឧត្តម ណយ ស្រូន បានសុំខន្តីអភ័យទោសនូវរាល់កំហុសខុសឆ្គង ទោះចេតនាក្តី ឬអចេតនាក្តីពីថ្នាក់ដឹកនាំ និងដែលបានធ្វើឲ្យថ្នាក់ដឹកនាំ មានការលំបាកដោយសារខ្លួន។ ព្រមជាមួយគ្នានេះ ឯកឧត្តម ណយ ស្រូន ក៏បានគោរពទទួលយកការអប់រំណែនាំទាំងអស់របស់សម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តមអនុប្រធានទាំងពីរព្រឹទ្ធសភា ដោយបានធ្វើលិខិតបញ្ជាក់ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឈប់ពាក់ព័ន្ធជាមួយដីទំហំ ៥៣១ ហិកតានេះទៀតហើយ»៕




