(ភ្នំពេញ)៖ ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ជាក្រុមហ៊ុនមួយ ដែលបានចូលរួមដេញថ្លៃប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ហើយក្រុមហ៊ុន ដែលមានបទពិសោធន៍យូរឆ្នាំមួយនេះ ស្ថិតក្នុងចំណោម ៦ក្រុមហ៊ុន ដែលជាប់ Shortlist។ អាជ្ញាធររាជធានីភ្នំពេញ កំពុងពិចារណា ដើម្បីសម្រេចជ្រើសយកក្រុមហ៊ុន ៣ ដើម្បីប្រមូលសំរាម នៅ ៣តំបន់ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ។
បន្ទាប់ពីពិធីសម្ពោធទីចាត់ការសាលាបឋមសិក្សា សន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា «ពេលដ៏ខ្លីខាងមុខនេះ យើងនឹងធ្វើការដេញថ្លៃ។ ឥឡូវនេះ យើងដេញបាន ៦ក្រុមហ៊ុនហើយ។ Shortlist ៦ក្រុមហ៊ុន។ យើងនឹងចំរាញ់យក ៣ក្រុមហ៊ុន។ នៅក្នុងនោះ មិនប្រាកដថា ស៊ីនទ្រី មិនបានទេ។ អាចស៊ីនទ្រី បាន១។ យើងមើលឃើញថា ស៊ីនទ្រី មានបទពិសោធន៍ ក្នុងការប្រមូលសំរាមហើយ មានគ្រឿងចក្រស្រាប់ មានកម្មករស្រាប់។ អីចឹងគាត់ក៏ជាជម្រើសមួយខ្ពស់ជាងគេ បាត់ទៅហើយ។ ពេលនេះ គាត់ជាប់ក្នុង ៦ក្រុមហ៊ុនហើយ...»។
ការលើកបញ្ជាក់ជាថ្មីរបស់អភិបាលរាជធានីភ្នំពេញដូច្នេះ បានធ្វើឡើង បន្ទាប់ពីក្រុមបុគ្គលិក និងកម្មករក្រុមហ៊ុន ស៊ីនទ្រី រាប់ពាន់នាក់ បានធ្វើកូដកម្ម មិនប្រមូល ដឹកជញ្ជូនសំរាម នៅភ្នំពេញ ចាប់តាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។ ក្រុមបុគ្គលិក និងកម្មករក្រុមហ៊ុនស៊ីនទ្រី ទាមទារបើកប្រាក់អតីតភាពការងារ រួមទាំងលក្ខខណ្ឌមួយចំនួនទៀត។ ក៏ប៉ុន្តែការទាមទារនោះ ត្រូវបានអាជ្ញាធរ ចាត់ទុកថា ជាការទាមទារខុសច្បាប់ ហើយក្រុមបុគ្គលិក និងកម្មករទាំងនោះ យកសំរាម ធ្វើជាចំណាប់ខ្មាំង។
យ៉ាងណាក៏ដោយ ឯកឧត្តម ឃួង ស្រេង បញ្ជាក់បន្ថែមថា «ក្រុមហ៊ុនថ្មីមក ក៏ត្រូវការកម្មករ ហើយកម្មករនេះ នឹងបន្តអតីតភាព...។ ឧទាហរណ៍ថា បើក្រុមហ៊ុន ស៊ីនទ្រី ដេញបានតំបន់ណាមួយ នោះក្រុមហ៊ុនស៊ីនទ្រី ប្រតិបត្តិនៅតំបន់នោះ។ បើកម្មករនេះ លើស កម្មករអាចដាក់ពាក្យទៅក្រុមហ៊ុនថ្មីមួយទៀត ដែលមានការជួយជ្រុំជ្រែងពីរដ្ឋបាលរាជធានីភ្នំពេញយើងខ្ញុំ ហើយប្រាក់អតីតភាពការងារ គឺមិនឲ្យគាត់មានការបាត់បង់ទេ។ សូមឲ្យតែគាត់ចូលធ្វើការ។ ប៉ុន្តែកិច្ចការងារនេះ យើងពិភាក្សា ហើយយើងចរចាគ្នា មិនត្រូវ»។
សូមបញ្ជាក់ថា នៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា និងវាយតម្លៃ លើក្រុមហ៊ុនចំនួន ៦ ក្រុមហ៊ុន ដែលបានចម្រាញ់ចេញពីក្រុមហ៊ុនជាច្រើន ក្នុងការដេញថ្លៃប្រមូលសំរាមនៅភ្នំពេញ។ ក្នុងនោះ មានក្រុមហ៊ុនស៊ីនទ្រី ១ដែរ ដើម្បីសម្រេចចុងក្រោយ ជ្រើសរើសយកក្រុមហ៊ុន ចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង ប្រកបលក្ខណៈស្តង់ដារ នៅរាជធានីភ្នំពេញ ដោយបែងចែកខណ្ឌទាំង១៤ នៅភ្នំពេញ ជា ៣តំបន់។ តំបន់នីមួយៗ មានក្រុមហ៊ុនមួយ ជាអ្នកទទួលខុសត្រូវ និងរៀបចំតារាងពេលវេលាជាក់លាក់ប្រមូលសំរាមពីគ្រប់ច្រកផ្លូវ។
វិធានការជ្រើសរើសក្រុមហ៊ុនប្រមូលសំរាម ដោយបែងចែកជា ៣តំបន់នេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏បានសម្រេចដកសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដែលបានប្រមូលសំរាម យូរឆ្នាំមកហើយ នៅភ្នំពេញ។ តែក្នុងពេលអន្តរកាលនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រប់គ្រងក្រុមហ៊ុនស៊ីនទ្រី ហើយប្រើប្រាស់បុគ្គលិក និងកម្មករស៊ីនទ្រី ប្រមូលសំរាម នៅភ្នំពេញ ដោយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកទទួលលុយថ្លៃសេវាសំរាមពីប្រជាពលរដ្ឋ និងចាត់ចែងចំណាយ និងបើកលុយឲ្យបុគ្គលិក កម្មករប្រមូលសំរាមទាំងនោះ៕


