អ្នកនាំពាក្យសាលាក្រុង ​អំពាវនាវដល់កម្មករប្រមូលសំរាមដែលកំពុងធ្វើកូដកម្ម ​សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ «បញ្ឈប់ការយកសម្រាមជាចំណាប់ខ្មាំងទៀតទៅ! យើងមិនអាចបន្តអនុញ្ញាតឱ្យអ្នកយកសម្រាមធ្វើជាចំណាប់ខ្មាំងដើម្បីតថ្លៃលើការទាមទារផ្ទុយពីច្បាប់ឡើយ»​។ នេះ​ជាការលើកឡើង​របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែតុលា។ 

លោក ម៉េត មាសភក្តី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនបន្តថា៖ «រដ្ឋបាលរាជធានីបានព្យាយាមសម្របសម្រួល ពន្យល់ណែនាំគ្រប់ទិដ្ឋភាព រួមទាំងទិដ្ឋភាពច្បាប់ការងារ ដល់បងប្អូនកម្មករប្រមូលសម្រាមដែលកំពុងទាមទារលក្ខខណ្ឌមិនសមស្របមួយចំនួន។ 

ប៉ុន្តែទោះឈរលើស្មារតីយោគយល់ចំពោះអាកប្បកិរិយារឹងរូសទាំងនេះក៏ដោយ ក៏ស្ថានភាពមិនអំណោយផលដល់ការបន្តរង់ចាំ ហើយជម្រើសនៃការប្រើកម្លាំងពលកម្មថ្មី ត្រូវតែបង្ខំចិត្តអនុវត្ត ដើម្បីកែប្រែស្ថានការណ៍នៃការសំអាតទីក្រុងឡើងវិញ»។ 

ជាមួយគ្នានេះ អ្នកនាំពាក្យសាលារាជធានី បានអំពាវនាវដល់បងប្អូនកម្មករប្រមូលសម្រាមដែលកំពុងធ្វើកូដកម្ម សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ។ លោកជឿជាក់ថា បងប្អូននឹងវិលត្រឡប់មកធ្វើការបំពេញតួនាទីរៀងៗខ្លួនឡើងវិញ ដើម្បី “ទីក្រុងយើងទាំងអស់គ្នាស្អាត” ។  

លោកបានបន្ថែមទៀតថា៖ «ពិតជាត្រូវបន្ថែមបន្ទុកដល់បងៗប្រជាការពារ និងអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ គ្រប់ជាន់ថ្នាក់ដែលកំពុងដុតដៃដុតជើងប្រមូលកើបក្នុងអន្តរកាលមួយនេះ និងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង។ សូមអរគុណដល់ការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងស្ថានភាពដែលកំពុងដោះស្រាយនេះ»។

គួរជម្រាបថា ចាប់តាំងពី​ថ្ងៃទី​២ ​ដល់​ថ្ងៃទី​៦ ​ខែ​តុលា​នេះ បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី បានធ្វើ​កូដកម្ម​មិន​ចូល​ចំ​ពេញ​ការងារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​បើកប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដល់​ពួកគេ​។ ការធ្វើ​កូដកម្ម​នេះ គឺ​ដោយសារ​បុគ្គលិក​មានកា​រ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​នេះកាត់បន្ថយ​ទីតាំង​ប្រមូល​សំរាម​តាម​ខណ្ឌ​ឬ​ត្រូវ​បិទទ្វារ​។ 

​ការព្រួយបារម្ភ​របស់​កម្មករ​កើតឡើង ខណៈដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​គម្រោង​បែងចែក​ការគ្រប់គ្រង​សំរាម​ទាំង​១៤​ខណ្ឌ ជា​បី​តំបន់​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣ ដែល​ជ្រើសរើស​ចេញពី​ការដេញថ្លៃ​របស់​សាលា​រាជធានី​ភ្នំពេញ​។

ស្របពេល​កម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី កំពុង​ធ្វើ​កូដកម្ម សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្ត​ដឹក​សំរាម​៧០​គ្រឿង និង​រ៉ឺម៉ក​១៥០​គ្រឿង​តាម សង្កាត់​ទាំង​១៥០ ដើម្បី​ប្រមូល​សំរាម​ និងស្នើ​ឲ្យ​ពលរដ្ឋ​បញ្ចេញ​សំរាម​ណា​ដែល​ងាយ​រលួយ​ចេញ​មុន ជៀសវាង​ការបង្ក​ឲ្យ​មាន​ក្លិន​នៅតាម​ដងផ្លូវ​។ ចំណែក​សំរាម​រឹង ឬ​សំរាម​ណា​ដែល​មិន​ងាយ​រលួយ ពលរដ្ឋ​ត្រូវ​ទុក​សិន ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​កម្លាំង​អាជ្ញាធរ ដែល​ចុះ​ប្រមូល​សំរាម​តាម​តំបន់ មុនពេលដំណោះស្រាយត្រូវបានបញ្ចប់៕ 



អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី